ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១”ចាប់ពីថ្ងៃទី ៦-៧ ខែធ្នូ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។
ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា ។
បើតាមក្រសួងកសិកម្មបានឱ្យដឹងថា៖ក្នុងព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផងដែរនូវស្តង់វារីវប្បកម្មស្រស់ និងវារីវប្បកម្មកែច្នៃ ពីម្ចាស់អាជីវកម្ម និង ម្ចាស់កសិដ្ឋាននានាដូចជាត្រី ធនធានធម្មជាតិទឹកសាប សមុទ្រជាដើម។ក្រៅពីនេះក៏នឹងផ្តល់នូវចំណេះដឹងពីការចិញ្ចឹមត្រីប្រកបដោយសុវត្តិភាព និង គុណភាពក្នុងបរិភោគផងដែរ។ក្រៅពីនេះក៏ទស្សនាពីល្បែងចាប់ត្រី និងមានការចូលរួមពីក្រុមសិល្បៈជាច្រើនរូបក្នុងកម្មវិធីដ៏អធិកអធមនេះទៀតផង៕
ដោយ ៖ ម៉ាដេប៉ូ