សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង
(ចិន)៖ នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចមិត្តភាព ផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា អញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។
សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាល កម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំង នៅសង្កាត់ Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយ បក្សកុម្មុយនីស្តចិន។
សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង ដែលគេស្គាល់ថាជាសាលាបក្ស កណ្តាល គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាល កម្មាភិបាលនៃបក្សកុម្មុយនិស្តចិនជាពិសេស។ សាលាមជ្ឈិមបក្ស ផ្តោតលើការងារបក្ស និងប្រទេស។
ក្រោមការណែនាំនៃគោលដៅអភិវឌ្ឍន៍ថ្មីដែលកំណត់ដោយគណៈកម្មាធិការសាលា ពឹងផ្អែកលើកម្លាំងស្រាវជ្រាវ វិទ្យាសាស្ត្រ នៃសាលាទាំងមូល និងសាលាគណបក្សជាតិ ដើម្បីរៀបចំគណៈកម្មការសំខាន់ៗពីរដ្ឋាភិបាលកណ្តាល មានដូចជា ការងារស្រាវជ្រាវគម្រោង; ការទទួលខុសត្រូវ ក្នុងការរៀបចំគម្រោងធំៗនៃការស្រាវជ្រាវទ្រឹស្តីម៉ាក្សនិយម និងគម្រោងសាងសង់ គម្រោងមូលនិធិវិទ្យាសាស្ត្រ សង្គមជាតិ គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ គម្រោងវិទ្យាសាស្ត្រទន់ជាតិ ទស្សនវិជ្ជាជាតិ និងគម្រោងការពិភាក្សាប្រព័ន្ធវិទ្យាសាស្ត្រសង្គម គម្រោងស្រាវជ្រាវការគិតកម្រិតខ្ពស់ថ្នាក់ជាតិ។ល។
សាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ មកដល់ពេលនេះ មានរយៈពេល៩១ឆ្នាំហើយ ក្នុងរយៈពេលនេះ លោកប្រធានម៉ៅ និងឯកឧត្តម ស៊ី ជិនពីង ធ្លាប់បំពេញតួនាទីជានាយកសាលានេះផងដែរ។
លោកនាយករងសាលា បានរាយការណ៍ជូនសម្តេចតេជោ និងគណៈប្រតិភូ ពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សាលា ក្នុងការបណ្តុះបណ្តាល ដល់មន្រ្តីជាន់ខ្ពស់បក្ស និងការចូលរួមឧទ្ទេសនាមពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងផងដែរ។
ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ ដែលបានមកទស្សនា សាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និងបានស្តាប់ បទឧទ្ទេសនាមដ៏ក្បោះក្បាយ ស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលា សំរេចបាន ដោយពុះពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១ឆ្នាំ កន្លងទៅ។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកម្មាភិបាលបក្ស រ៉ាប់ម៉ឺននាក់ ឲ្យមានសមត្ថភាពខ្ពស់ លើការងារ អភិបាលកិច្ចទាំងនៅកម្រិតមជ្ឈឹម និងមូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។
សម្តេចបានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់ថ្នាក់ដឹកនាំសាលានេះ រួមមាន ទាំងឯកឧត្តម ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បច្ចុប្បន្នផងដែរ ដែលបានធ្វើឲ្យសាលា ក្លាយទៅជា ថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំង ជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ សាលានេះ ពិតជាបានរួមចំណែកដ៏ធំ ធ្វើឲ្យចិន សម្រេចបាន នូវគោលដៅសហសវត្ស ១០០ឆ្នាំ ទី១ របស់ខ្លួន ហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្តទី២ ប្រែក្លាយចិន ទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩ ៕
ដោយ ៖ វណ្ណលុក