ការប្រណាំងរថយន្ត off-Road អន្តរជាតិនៅព្រះសីហនុ បញ្ចប់ដោយជោគជ័យប្រកបដោយកិច្ចសហការ មិត្តភាព ភាតរភាព

(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យប្រកបដោយកិច្ចសហការ មិត្តភាព ភាតរភាព និងជាសមិទ្ធផលមួយថ្មី ជោគជ័យលើវិស័យកីឡាយានយន្ត និងវិស័យទេសចរណ៍ សម្រាប់ខេត្តព្រះសីហនុ ។

ពិធីបិទការប្រកួតរថយន្ត off-Road អន្តរជាតិ និងពិធីប្រគល់ពានរង្វាន់ ដល់់ក្រុមកីឡាករជ័យលាភី ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងឯកឧត្តម សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ រួមទាំងក្រុមកីឡាករ អ្នកគាំទ្រកីឡាករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ចំពោះជ័យលាភី ទាំង៣ Class រួមមាន៖ Class A៖ លេខ១ កីឡាករកម្ពុជា ព្រំ រស្មី ក្រុម «Siamprototype 4×4 CAMBO» ទទួលបានពាន និងប្រាក់រង្វាន់ ៤,០០០,០០០រៀល ។ លេខ២ កីឡាករថៃ នត្តាវ៉ាត់ ប្រយូរវង្ស (Nattawat Prayoonwong) ទទួលបានពាន និងប្រាក់រង្វាន់ ២,៨០០,០០០រៀល ។ លេខ៣ បានលើក្រុមកីឡាករកម្ពុជា រ ហេង សំណាង ទទួលបានពាន និងប្រាក់រង្វាន់ ១,៦០០,០០០រៀល ។

Class B៖ * លេខ១ កីឡាករ ជឿន ប៊ុណ្ណា បើកបរអោយក្រុម«ចៅតាខ្មៅ» ទទួលបានពាន និងប្រាក់រង្វាន់ ២,៨០០,០០០រៀល ។
លេខ២ កីឡាករ ម៉េត មិត្ត ក្រុមម៉េត មិត្ត ទទួលបានពាន និងប្រាក់រង្វាន់ ២,០០០,០០០រៀល ។ លេខ៣ កីឡាករ យិន មុន្នី ទទួលបានពាន និងប្រាក់រង្វាន់ ១,២០០,០០០រៀល ។

Class C * លេខ១ កីឡាករកម្ពុជា ឌិន សេងហ៊ ក្រុម «VKH Racing» ទទួលបានពាន និងប្រាក់រង្វាន់ ២,០០០,០០០រៀល ។ លេខ២ កីឡាករចិន ចាង កឺ (Zhang Ke) ទួលបានពាន និងប្រាក់រង្វាន់ ១,២០០,០០០រៀល ។លេខ៣ កីឡាករ កីឡាករ យិន ចាន់ឌី ទទួលបានពាន និងប្រាក់រង្វាន់ ៨០០,០០០រៀល ។ រីឯកីឡាករ មិនទទួលបានជ័យលាភី ក៏ទទួលបានមេដាយមិត្តិយសមេដាយម្នាក់មួយៗផងដែរ ។

ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលជាតួអង្គសំខាន់ក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងលោករដ្ឋលេខាធិការ គុជ បញ្ញាសា ដែលជាអ្នកគាំទ្រដ៏ចម្បងចំពោះការប្រណាំងយានយន្តដែរនោះ បានបង្ហើបពីការត្រៀមរៀបចំការប្រកួតរថយន្ត off-Road នៅកម្ពុជា ៣ដងក្នុងមួយឆ្នាំ ដើម្បីចម្រាញ់ជ្រើសរើសយកក្រុមកីឡាករជ័យលាភីប្រចាំប្រទេស មុនចេញទៅប្រកួតនៅក្រៅប្រទេសជាមួយក្រុមកីឡាករអន្តរជាតិដទៃ។

ការលើកឡើងនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមកីឡាករទាំងឡាយផងដែរ ពួកគេមានមហិច្ចតាចង់ទៅប្រកួតនៅប្រទេសថៃ ម៉ាឡេស៉ី វៀតណាមជាដើម ដែលជាប្រទេសសម្បូរជើងខ្លាំងខាងកីឡាយានយន្តនាតំបន់អាស៊ានយើងនេះ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និងសែម បូរិន

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner