សម្តេចបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្តម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រចាំឆមាស លើកទី២
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រចាំឆមាស លើកទី២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួម ពីគណបក្សនយោបាយចំនួន ២៩ គណបក្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំ ជាមួយតំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់ យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់បើកឱកាស ឱ្យតំណាងបណ្តាគណបក្ស នយោបាយ អាចផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗ ជាមួយរាជរដ្ឋាភិបាល។
លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា កិច្ចប្រជុំរួមមាន៖
១.សុន្ទរកថាបើកកិច្ចប្រជុំ និងការវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទាន ស្ថាបនារយៈពេល ១ឆ្នាំកន្លងមក ដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ។
២.មតិរបស់ប្រធានប្រតិភូគណបក្សនីមួយៗ អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិវឌ្ឍន៍អភិបាលកិច្ច ដោយប្រធានប្រតិភូគណបក្ស ម្នាក់ៗរយៈពេល ៦នាទី ។
៣.ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃ ការអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់ គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្រប ខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូន ប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ