ចុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋ ជ្រុងឦសាននៃប្រាសាទភ្នំក្រោម

(ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលបានដំណើរការ និង ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមរយៈពេលជាង៥ខែមកហើយមកនេះ គ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ខាងមុខ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា ។

លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានបញ្ជាក់ឱ្យដឹងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំពូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ។

បើតាមអ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។

ការជួសជុល បានសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner