សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង (XI Jingping) អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diayutai រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ស្របពេលដែលឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឈានដល់ទីបញ្ចប់ ទស្សនកិច្ចលើកទី១របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិននឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងធំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងសង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេស នៃគណបក្សប្រជាជនកម្ពុជា រួមនឹងឥស្សរជននៃស្ថាប័នព្រឹទ្ធសភា រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេលេក្រាមសម្តេចតេជោ ហ៊ុន សែន