ព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ មានកីឡាករជាតិ និងអន្តរជាតិចូលរួមច្រើន
(ភ្នំពេញ)៖ ព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្លឹបម៉ូតូមេគង្គ មានកីឡាករប្រណាំងជាតិ និងអន្តរជាតិចូលរួមសរុប ៥៣នាក់ មកពី ៦ប្រទេស ប្រណាំងនៅទីលានប្រណាំងយានយន្ត Yamamoto circuit Cambodia ខេត្តកំពង់ស្ពឺ ។
លោក ភេន លាងហាង ជាគ្រូបច្ចេកទេស ក្លឹបមេគង្គ បានបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត និងបណ្តុះបណ្តាលធនធានកីឡាករវ័យក្មេងអោយសម្បូរបែបអោយឈានដល់ស្តង់ ត្រៀមប្រណាំងនៅឆាកអន្តរជាតិ តំណាងអោយកម្ពុជា។
លោក បន្តថា ក្លឹបម៉ូតូមេគង្គ ក្រៅបង្កើតព្រឹត្តការណ៍ប្រណាំង ក៏បង្កើតកម្មវិធី Track day មិនតិចជាង២០ដងដើម្បីផ្តល់ឱកាសអោយកីឡាករថ្មីៗវ័យក្មេង បានចូលរួមហ្វឹកហាត់ និងស្វែងយល់ពីច្បាប់ លក្ខន្តិកៈផ្សេងៗ ពីវិស័យកីឡាម៉ូតូស្ព័រ និងគៀងគរអ្នកស្រឡាញ់ម៉ូតូអោយយល់ដឹងពីសុវត្ថិភាព ច្បាប់ចរាចរ មិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ជាពិសេសភាពអាណាធិបត្យេយនៅលើដងផ្លូវ ងាកមកធ្វើការប្រណាំងនៅលើទីលានវិញ។
គ្រូបច្ចេកទេសរូបនេះ ក៏បានបន្ថែមថា គិតមកដល់ពេលក្លឹបមេគង្គ បានបណ្តុះបណ្តាលយុវជនវ័យក្មេងជាច្រើនចេញទៅប្រណាំងនៅអន្តរជាតិ ដូចជា កីឡាករ ឈីម ពិសិទ្ធ និងកីឡាករ ថេង សម្បត្តិ ថែមទាំងទទួលបានលទ្ធផលល្អមកជូនកម្ពុជាផងដែរ។
លោក ភេន លាងហាង អំពាវនាវ អោយបងប្អូនអ្នកស្នេហាវិស័យកីឡាម៉ូងស្ព័រ ចូលរួមទស្សនាដោយសេរីព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី ០៧ដល់ទី០៨ ខែធ្នូ ឆ្នាំ២០២៤ អោយបានច្រើនកុះករ នៅទីលាន Yamamoto circuit Cambodia ខេត្តកំពង់ស្ពឺ ។
គួររម្លឹកថា ក្លឹប ម៉ូតូមេគង្គ បានបង្កើតឡើង នៅឆ្នាំ២០១៨ ក្នុងស្មារតីបណ្តុះបណ្តាលហ្វឹកហាត់ និងចូលរួមប្រកួតនាៗទាំងក្នុង និងក្រៅប្រទេស និងមានសមាជិកអចិន្ត្រៃយ៏២០នាក់ សុទ្ធសឹងតែជាអ្នកដែលស្រលាញ់វិស័យកីឡាម៉ូតូវាលរាប។ មិនត្រឹមតែប៉ុន្នោះក្លឹបម៉ូតូមេគង្គបានទៅដកស្រង់បទពិសោធន៏បច្ចេកទេសប្រណាំងម៉ូតូ នៅក្រៅប្រទេស ដូចជា ប្រទេសឥណ្ឌូនេស៊ី (Mandalika International Circuit), ប្រទេសម៉ាឡេស៊ី (Sepang International Circuit), ប្រទេសថៃ (Bira International Circuit) ដើម្បីយកមកចែកជូនខ្លះៗដល់សមាជិកក្រុម ក៍ដូចជាកីឡាករផ្សេងៗទៀតនៅក្នុងស្រុក។
សូមបញ្ចាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ ចែកចេញ ៤Class គឺ Class Superbike 1000 , Class Super Sports 600 cc , Class Super Sports Class U B 150cc និងកីឡាករជាតិ និងអន្តរជាតិសរុប ៥៣នាក់ មកពី៦ប្រទេសចូលរួម មានបារាំង ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជាជាម្ចាស់ផ្ទះ ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ