កម្ពុជា អរគុណអង្គការ Future Smile Charitable Foundation ចំពោះការអនុវត្តសកម្មភាព លើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច
(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបលោកស្រី Shan Li អគ្គលេខាធិការរង នៃអង្គការ Future Smile Charitable Foundation នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អរគុណអង្គការ Future Smile Charitable Foundation ចំពោះការអនុវត្តសកម្មភាព លើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច ។
លោកស្រី Shan Li បានជម្រាបជូន អំពីគម្រោងសកម្មភាព ដែលផ្តោតសំខាន់លើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចរវាងកម្ពុជា-ចិន តាមរយៈ ការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ និងផ្តល់សេវាវេជ្ជសាស្រ្ត ដោយឥតគិតថ្លៃដល់កុមារកម្ពុជា ។
លោកស្រីបានជម្រាបជូនបន្ថែមថា កាលពីឆ្នាំ២០២១ អង្គការធ្លាប់បានផ្តល់ជំនួយរថយន្តសង្រ្គោះបន្ទាន់ចំនួនបួនគ្រឿងមកកម្ពុជា ក្នុងអំឡុងពេលរីករាលដាល នៃជម្ងឺកូវីដ-១៩ សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់មូលនិធិ និងបានផ្តល់ការណែនាំអំពីនិតិវិធី ក្នុងការទូទាត់ពន្ធគយ និងសកម្មភាពជាអាទិភាព ដើម្បីបន្តអនុវត្តសកម្មភាពរបស់មូលនិធិឱ្យស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ៕
ដោយ ៖ សួង ពិសិដ្ឋ