កូរ៉េខាងត្បូងប្រឈមបាត់មុខពីផែនដី ក្នុងពេលមិនដល់១០០ឆ្នាំ​ទៀត

សេអ៊ូល ៖ វិបត្តិគួរឲ្យព្រួយបារម្ភ ជុំវិញអត្រាកំណើតធ្លាក់ចុះខ្លាំង ជាហេតុនាំឲ្យប្រទេសមួយនៅអាស៊ីប្រឈមនឹងបាត់មុខពីផែនដី ក្នុងរយៈពេលតិចជាង១០០ឆ្នាំខាងមុខ នោះគឺជា ប្រទេស កូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់កាសែត Businesstoday។

ប្រភពបានចុះផ្សាយថា ស្ត្រីកូរ៉េខាងត្បូងជាច្រើននាក់ ជាពិសេស អ្នកដែលរស់នៅក្នុងទីក្រុង កំពុងផ្តល់អាទិភាព ដល់ការឈានទៅមុខ នៃអាជីព ជាងការចាប់ផ្តើមគ្រួសារ ឬ ស្វែងរកជីវិតគូរ។ ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ២០២៣ បានបង្ហាញថា ស្ត្រីភាគច្រើនបានលើកឡើងថា ការតស៊ូធ្វើជាឪពុកម្តាយគេ គឺជាឧបសគ្គចម្បង សម្រាប់ការអភិវឌ្ឍន៍អាជីព របស់ពួកគេ។

កូរ៉េខាងត្បូង ​កំពុងប្រឈមមុខនឹងវិបត្តិការមានអត្រាកំណើត តិចបំផុត ដែលមិនធ្លាប់មាន ពីមុនមក។ ចំនួនប្រជាជន​ កំពុងធ្លាក់ចុះក្នុងអត្រាគួរឱ្យព្រួយបារម្ភ ប្រសិនបើនិន្នាការនេះ នៅតែបន្ត ប្រជាជនកូរ៉េខាងត្បូងអាចថយចុះមកត្រឹមមួយភាគបី នៃទំហំបច្ចុប្បន្ន របស់ខ្លួន នៅចុងសតវត្សន៍។

បើតាមកាសែត Economictimes វិបត្តិនេះនាំឲ្យមានការព្យាករថា ចំនួនប្រជាជនកូរ៉េខាងត្បូងនឹងធ្លាក់ចុះពីប្រមាណ ៥២លាននាក់ បច្ចុប្បន្ន មកត្រឹមតែ ១៧ លាននាក់ នៅចុងសតវត្សន៍នេះ ហើយបើនៅក្នុងសេណារីយ៉ូ ដ៏អាក្រក់បំផុត ការប៉ាន់ប្រមាណព្យាករណ៍ថា ប្រទេសនេះអាចបាត់បង់រហូតដល់ ៧០% បន្សល់ទុកមនុស្សត្រឹមតែ ១៤លាននាក់ប៉ុណ្ណោះ ដែលជាស្ថានភាពដែលអាចធ្វើឲ្យសេដ្ឋកិច្ចមានអស្ថិរភាព និងបង្កើតបញ្ហាប្រឈមក្នុងសង្គម ដ៏អាក្រក់ មិនធ្លាប់មាន។

យ៉ាងណាមិញ មូលហតុឫសគល់ នៃវិបត្តិនេះ គឺមានលក្ខណៈចម្រុះ ដែលជំរុញដោយសម្ពាធសេដ្ឋកិច្ចសង្គម និងបញ្ហាយេនឌ័រ ដែលជាប់ពាក់ព័ន្ធយ៉ាងជ្រៅ។ ការធ្លាក់ចុះនៃការមានកូនបានចាប់ផ្តើមជាមួយនឹងគោលនយោបាយផែនការគ្រួសារ ដែលកំណត់ដោយរដ្ឋាភិបាល នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅពេលនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងមានការព្រួយបារម្ភថា កំណើនប្រជាជន ដែលមិនបានគ្រប់គ្រងត្រឹមត្រូវ នឹងលើសពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជំរុញឱ្យពួកគេដាក់ចេញវិធានការបន្ទាន់ ដែលសំដៅលើ «ការកាត់បន្ថយអត្រាកំណើត»។

ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៦០ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ របស់កូរ៉េខាងត្បូងមានត្រឹមតែ២០ភាគរយ នៃមធ្យមភាគសកល ហើយអត្រានៃការមានកូនគឺខ្ពស់ ពោលគឺមានចំនួនដល់ទៅ ៦នាក់ សម្រាប់ស្ត្រីម្នាក់ៗ៕

ប្រភពពី Businesstoday ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner