១៤ខេត្តនៅថៃប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ក្នុងសប្តាហ៍នេះ

បាងកក៖ កាសែត The Nation បានចេញផ្សាយថា ខេត្តចំនួន១៤ នាភាគខាងត្បូង ប្រទេសថៃ ត្រូវបានណែនាំដោយទទូច ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំង ចំពោះបញ្ហាទឹកជំនន់ នៅក្នុងសប្តាហ៍នេះ។

ប្រភពបានចេញផ្សាយថា ខេត្តទាំងនោះ ត្រូវបានព្រមានឱ្យត្រៀមលក្ខណៈ ទប់ទល់នឹងទឹកជំនន់ភ្លាមៗ ឬ Flash Flood ព្រមទាំង ការជន់លិចអូសបន្លាយ ចន្លោះពីថ្ងៃទី៣ ខែធ្នូនេះ រហូតដល់ថ្ងៃទី៥ ខែធ្នូ។ ខេត្តដែលនឹងប៉ះពាល់ មានដូចជា ខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang និង ខេត្ត Satun ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ហៅកាត់ DDPM តាមរយៈសេចក្តីថ្លែងការណ៍មួយ ជូនដំណឹងថា យោងតាមនាយកដ្ឋានឧតុនិយម ប្រព័ន្ធសម្ពាធទាប អាចនឹងផ្លាស់ទី ឆ្លងកាត់ឈូងសមុទ្រថៃ និងភាគខាងត្បូងប្រទេសថៃ ចូលទៅក្នុងសមុទ្រ Andaman ផ្នែកខាងក្រោម ។អាជ្ញាធរត្រូវបានណែនាំឲ្យតាមដានយ៉ាងដិតដល់ នូវលក្ខខណ្ឌអាកាសធាតុ កម្រិតទឹក និងនិន្នាការទឹកភ្លៀង ដើម្បីធានាបាននូវសកម្មភាព ជួយទាន់ពេលវេលា។ គណៈបញ្ជាការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយកណ្តាល បានបញ្ជាឱ្យមជ្ឈមណ្ឌល ក្នុងតំបន់របស់ខ្លួន រក្សាការប្រុងប្រយ័ត្ន និង ត្រៀមខ្លួនជាស្រេច ដើម្បីជួយតាមតម្រូវការ។

ជាមួយគ្នានេះ DDPM បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ទឹកជំនន់ទើបតែបានឆក់យកជីវិតមនុស្ស យ៉ាងតិច១២នាក់ និងបានប៉ះពាល់ដល់មនុស្ស ជាង៦០ម៉ឺននាក់ នៅទូទាំងខេត្ត ភាគខាងត្បូងចំនួន៧ រួចមកហើយ ព្រមទាំង ខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់វិស័យកសិកម្ម ជាពិសេស ការចិញ្ចឹមសត្វ នាពេលថ្មីៗនេះ។ យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរងរដ្ឋាភិបាលបានធានាដល់ប្រជាកសិករ នៅតំបន់ភាគខាងត្បូង ពីការប្តេជ្ញាចិត្តរបស់រដ្ឋ ក្នុងការផ្តល់ការគាំទ្រ ដោយកំពុងសម្របសម្រួល យ៉ាងពេញលេញជាមួយទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ តាមរយៈការវាយតម្លៃផលប៉ះពាល់ជាក់ស្តែង៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner