បុណ្យរំលឹកគុណអង្គរលើកទី៤ ឆ្នាំ២០២៤ នឹងប្រារព្ធរយៈពេលបីថ្ងៃនៅពាក់កណ្ដាលខែធ្នូនេះ
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្របានឱ្យដឹងថា បុណ្យរំលឹកគុណអង្គរ លើកទី៤ ឆ្នាំ២០២៤នឹងប្រារព្ធនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ជាកត់សម្គាល់ថ្ងៃទី១៤ ខែធ្នូឆ្នាំនេះដែរ ក៏ជាគម្រប់ខួប៣២ឆ្នាំនៃការដាក់ប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤)។
ខេត្តសៀមរាបដែលទើបនឹងបញ្ចប់ព្រឹត្តិការណ៍មានលក្ខណៈអន្តរជាតិធំៗចំនួន២ដោយជោគជ័យកាលពីពេលកន្លងទៅថ្មីៗនេះ នៅរមណីយដ្ឋានអង្គរខេត្តសៀមរាបដដែល នឹងប្រារព្ធបុណ្យរំលឹកគុណអង្គរលើកទី៤ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។
យោងតាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរនៅរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០២២តទៅ។
ដោយឡែក បុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣កន្លងទៅ បានប្រារព្ធរយៈពេល១០ថ្ងៃចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ។ ខណៈពិធីបើកព្រឹត្តិការណ៍ជាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងវត្តមានថ្នាក់ ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។
ពិធីបុណ្យរំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ សម្តែងការដឹងគុណ ចំពោះបុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្ត ក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។ពិធីដ៏មានសារៈសំខាន់មួយនេះ នឹងកាន់តែធ្វើឱ្យអង្គរ មានភាពល្បីរន្ទឺ និងជាទីគោរពបូជាពីសាធារណជនទូទៅ។
នាចុងខែវិច្ឆិកាកន្លងទៅនេះ ខេត្តសៀមរាបបានប្រារព្ធព្រឹត្តិការណ៍កម្រិតពិភពលោកចំនួន២ដោយជោគជ័យ ក្នុងនេះមាន កិច្ចប្រជុំកំពូលសៀមរាប អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដោយមានគណៈប្រតិភូតំណាងឱ្យ១០៥ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗជាង៥០ស្ថាប័នចូលរួម និងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ ដែលមានអត្តពលិកអាជីព និងមិនអាជីពជាតិ និងអន្តរជាតិចំនួនជិត១៤.០០០ពាន់នាក់ មកពី៨៧ប្រទេសជុំវិញពិភពលោកចូលរួម។
គប្បីជម្រាបជូនថា Times Travelកាលពីពេលថ្មីៗនេះបានចេញផ្សាយដោយបង្ហាញថា ប្រាសាទអង្គរវត្តនៃព្រះជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានសោភណភាពស្រស់ស្អាតដាច់គេក្នុងទ្វីបអាស៊ី៕
ដោយ៖មុនី