អ្នកនាំពាក្យ ៖គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សម្រេចបានជាង៩៧ភាគរយ

ភ្នំពេញ៖កៀកនឹងរួចរាល់គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិ​លេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ (PK000+000 – PK095+270)​ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គ​ស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់​ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត(ចំណុចផ្លូវជាតិលេខ ៣)គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្ត​គម្រោងសម្រេច​បានលទ្ធផលជារួម ៩៧,០១%ហើយ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធាណរណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរាត្រីថ្ងៃទី៣ ខែធ្នូ នេះ​ដោយបង្ហាញ​សកម្មភាពនៃ​ការចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី៣ ខែធ្នូ។

ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវ​ជាតិ​លេខ៤១ នៅព្រឹកថ្ងៃទី៣ ខែធ្នូ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់​ផ្លូវជាតិលេខ៤១ ដោយមានការចូលរួម​អម​ដំណើរដោយ ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់​ចិន​​(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស WACC ផងដែរ។ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈាន​ទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខ។​​
គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបាន​លទ្ធផលជារួមបាន ៩៧,០១% ហើយ ។ក្នុងនោះ ការងារ​អ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ១០០ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាព​ចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញ​ទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ដែរ។

គួររំលឹកថា ការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៤១ គម្រោងស្តារ និងលើកកម្រិត​គុណភាពផ្លូវជាតិ​លេខ៤១​ត្រូវបាន​ប្រកាសបើកការដ្ឋានកាលពីថ្ងៃទី២៦ ធ្នូ ២០២២ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវនេះមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលនឹងត្រូវសាង​សង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ ស្របជាមួយគ្នាផងដែរ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីក​ស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូ​គ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួត​ពិនិត្យ​ល្បឿនចំនួន៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព​ផងដែរ។ ការសាងសង់គម្រោងគ្រោងនឹងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទាន​សម្បទាន​ពីរដ្ឋាភិ​បាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ​ដោះស្រាយ​ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner