អាមេរិកបារម្ភខ្លាំងពីច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង
បរទេស៖ សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពកូរ៉េខាងត្បូង ក្រោយពេលប្រទេសមួយនេះ ទើបតែបានដាក់ចេញច្បាប់អាជ្ញាសឹក ដ៏កម្រ ដោយអាមេរិកជំរុញឱ្យមាន «នីតិរដ្ឋ» នៅកូរ៉េខាងត្បូង និង បញ្ជាក់ជាថ្មីនូវ «សម្ព័ន្ធភាពដែក»។
សហរដ្ឋអាមេរិកបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» លើស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ចំពោះសាធារណរដ្ឋកូរ៉េ ជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
អ្នកនាំពាក្យរង របស់ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងចង់ឱ្យរឿងនេះ ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមនីតិរដ្ឋ»។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ដែលលោក Yoon កំពុងតែប្រឈមមុខ នឹងការប្រឆាំងខ្លាំងពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយ របស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាចរបស់លោក។
យ៉ាងណាមិញ ប្រភពព័ត៌មានចុងក្រោយ លោក Yoon Suk Yeol ថានឹងដកចេញវិញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត