នាយករដ្ឋមន្ត្រី ថា ការផ្ដល់ដំណោះស្រាយចំគោលដៅ នឹងជួយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្ដល់ដំណោះស្រាយចំគោលដៅ មិនថាលើបញ្ហាតូច ឬបញ្ហាធំ នឹងជួយធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ។ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ តាមរយៈការបង្ហោះវីដេអូលើបណ្ដាញសង្គម នាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដែលស្ថិតនៅភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី១ ធ្នូ ២០២៤ កន្លងទៅ ។
សម្ដេចបវរធិបតី បានសរសេរលើបណ្ដាញសង្គមថា ការផ្ដល់ដំណោះស្រាយចំគោលដៅមិនថាលើបញ្ហាតូច ឬបញ្ហាធំ នឹងជួយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៃដំណោះស្រាយ ដែលបានដាក់ចេញ។
ជួបផ្ទាល់ សួរផ្ទាល់ ស្ដាប់ផ្ទាល់ ទទួលសំណើផ្ទាល់ ពីប្រជាពលរដ្ឋ គឺជាវិធីសាស្ត្រល្អមួយសម្រាប់ក្តាប់ជាប់ នូវបញ្ហា ឬសំណូមពររបស់ពួកគាត់ ដែលជាកត្តាសំខាន់ ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅ មិនថាជាដំណោះស្រាយចំពោះបញ្ហាតូចឬបញ្ហាធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ ។
សូមជម្រាបថា ក្នុងពេលសំណេះសំណាលផ្ទាល់ ជាមួយសហគមន៍ ពិសេស អ្នកប្រកបរបរ ជាអ្នកបេីកបរកាណូត និងអុំទូក បម្រេីសេវាជូនអ្នកទេសចរ សម្ដេចធិបតី ទទួលបាននូវសំណូមពរមួយចំនួន ហេីយសម្រេចផ្តល់ ជាដំណោះស្រាយជូនដូចខាងក្រោម៖

១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងកាត់បន្ថយការហុយ ។
២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន ។
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់ នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ ។
សម្ដេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ជាពិសេស ក៏រួមចំណែក ក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប ៕









ដោយ ៖ វណ្ណលុក