ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ឆ្នាំ២០២៤មិនកែ​ប្រែ,ខេត្តកំពតធ្វើម្ចាស់ផ្ទះ

ភ្នំពេញ៖​ មិនមានការប្រែប្រួលទេទាក់ទងនឹងការប្រារព្ធបុណ្យ​ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានជូនដំណឹងជាផ្លូវការថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង ពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រ​លើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពតក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះត្រូវ​បាន​រៀបចំ​ឡើងក្នុង​គោលបំណងជំរុញការលើកតម្លៃផលិតផល និងផ្សព្វផ្សាយសក្តានុពល​ទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និង អេកូទេសចរណ៍ និងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ដើម្បីញ៉ាំងឱ្យពិធីបុណ្យ​សមុទ្រលើកទី១១ ជុំទី៣នេះ ប្រព្រឹត្តទៅដោយសេចក្តីសោ​ម​នស្សរីករាយ ព្រមទាំងអធិកអធមផងនោះ គណៈកម្មការអន្តរ​ក្រសួងគ្រោងរៀបចំសកម្មភាព និងព្រឹត្តិការណ៍​សំខាន់ៗមួយ​ចំនួន។ក្នុងនោះ ១. ការផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ដោយមានការចូលរួមពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី ជាតិនិងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំព្រះរាជា​ណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួច​អបអរសាទរ​ពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤។២. មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងការបង្ហាញ​ផលិតផល និងគម្រោងអភិវឌ្ឍន៍​ទេសចរណ៍របស់ខេត្តតាម តំបន់ឆ្នេរ ព្រមទាំងការតាំងពិព័រណ៍​ផលិតផលកសិទេសចរណ៍ និងផលិតផល​ក្នុងស្រុក និង៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ មានការចូលរួមពី​សំណាក់ក្រុមកីឡាករ កីឡាការិនី​ជាតិ និងអន្តរជាតិ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ បានប្រព្រឹត្ត​ធ្វើចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តកែប។
ចំណែក​ការប្រារព្ធបុណ្យសមុទ្រលើកទី១ នៅខេត្តព្រះសីហនុ​ឆ្នាំ២០១១ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលចូលឆ្នាំ២០១២​តែ​ម្តង។ការ​សម្រេច​ធ្វើពិ​ធីបុណ្យ​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំរបស់​រដ្ឋាភិបាលធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា បាន​ទទួល​វិញ្ញា​បន​បត្រ​បញ្ជាក់ ពី​ឆ្នេរ​ខ្សាច់​ស្អាត​លំដាប់​ពិភព លោក កាល​ពី​ថ្ងៃ​ទី​២៥ ខែឧសភា ២០១១ នៅ​ប្រទេស​សេណេ​ហ្គាល់ ក្នុង​មហា​សន្និ​បាត លើក​ទី​៧ របស់​​ក្លឹប​ឆ្នេរ​ខ្សាច់ ដែល​មាន​សមាជិក​២៦​ប្រទេស​។

សូមបញ្ជាក់ថា បុណ្យសមុទ្ររៀបចំឡើងដោយឈរលើគោលការណ៍​នៃការ​ឆ្លាស់​វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ ដោយចាប់​ផ្តើម​ពី​​ខេត្ត​ព្រះសីហនុ កោះកុង កែប និងខេត្តកំពត ។ គោលបំណង​នៃ​ពិធី​បុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារ​ធនធាន​ធម្មជាតិ​សមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយចិរភាព និងកា​រ​ទទួល​ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា​ឱ្យកាន់​តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ​មកទស្សនាកាន់​តែច្រើន។

ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀប​ចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាល​បានយកឈ្នះលើការរាតត្បាត​ជំងឺកូវីដ​១៩៕


ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner