ក្រសួងកសិកម្មនឹងរៀបចំប្រឡងចៀរជ័រកៅស៊ូន និងខួប ១០០ឆ្នាំដើមកៅស៊ូចាក់ជាងគេនៅខេត្តត្បូងឃ្មុំ
(ភ្នំពេញ)៖ ក្រសួងកសិកម្មបាន និងកំពុងត្រៀមរៀបចំកម្មពិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប ១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជានៅអំឡុងពាក់កណ្តាលខែធ្នូខាងមុខ ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២៤ថា៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជាច្រើនរូបក្នុងនេះរួមមាន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី បានចុះពិនិត្យទីតាំងឡូតិ៍កៅស៊ូសម្រាប់ររៀបចំកម្មវិធីប្រឡងចៀរជ័រ និងទីតាំងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅចម្ការកៅស៊ូជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមបានពិនិត្យវឌ្ឍនភាពការងារបានរៀបចំកន្លងមក ការសាងសង់ស្លាកចារឹកឈ្មោះ ការកំណត់ទីតាំងវេទិកាពិធី លំដាប់លំដោយការងារ និងការត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលនឹងរៀបចំនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តនេះ មានអាយុ១០០ឆ្នាំហើយ ជាចម្ការកៅស៊ូមានអាយុចាស់ជាងគេនៅកម្ពុជា និងមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើមលើផ្ទៃដីប្រមាណ ១៤ហិកតា។ ចម្ការកៅស៊ូចំណាស់ជាងគេនៅកម្ពុជានេះត្រូវបានគេដាំតាំងពីឆ្នាំ១៩២៤។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុន សុភក្តិនីកា គ្រុប ខូ អិលធីឌី បាននិងកំពុងរៀបចំទីតាំងឡូតិ៍កៅស៊ូចាស់នេះឡើងវិញ ដើម្បីរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងប្រែក្លាយជាផ្លូវការទៅជា សួនអភិរក្សដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា (The Cambodian Oldest Rubber Tree Conservative Park) សម្រាប់គោលដៅស្រាវជ្រាវសេនេទិចកៅស៊ូនិងកសិទេសចរណ៍។
ដោយឡែក ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាកន្លងមកថាសម្រាប់ការប្រឡងនេះ និងពិសេសការវាយតម្លៃដាក់ពិន្ទុ នឹងត្រូវធ្វើឡើងដោយសុក្រឹត្យ ស្របតាមលក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ សោភណ្ឌភាព និងជាពិសេសគឺភាពត្រឹមត្រូវទៅតាមបច្ចេកទេសនៃការចៀរជ័រ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រីមានបំណងរៀបចំទីតាំងចម្ការកៅស៊ូនេះឱ្យក្លាយទៅជា «សួនអភិរក្សចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា»ទៀតផង៕
ដោយ ៖ ម៉ាដេប៉ូ