សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ៣ថ្ងៃ នៅចិន ប្រកបដោយជោគជ័យ

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរនិវត្តន៍ដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ ដំណើរនិវត្តន៍ដល់របស់សម្តេចតេជោ មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា សមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាថ្មីលើទឹកដីមហាមិត្តចាស់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ។

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសចិនជាមហាមិត្ត សម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន, ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន ។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងទស្សន កិច្ចនៅសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ។

ដំណើរទស្សនកិច្ចក្នុងតួនាទីថ្មីនៅចិន របស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេលខ្លី តែបានជាចំណែកធំធេង ក្នុងការពង្រឹងបន្ថែមនូវស្មារតីជាមិត្តភាពរវាងកម្ពុជា-ចិន ឱ្យរឹតតែរឹងមាំក្នុងការកសាងគោលបានយោបាយសហគមន៍ជោគវាសនារួមកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម ក៏ដូចជា កិច្ចអភិវឌ្ឍន៍នៅកម្ពុជា រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលទាមទារការគាំទ្រជាចាំបាច់ពីប្រទេសចិន ។

បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក៏បានជាចំណែកបញ្ជាក់បន្ថែម ពីស្មារតីរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយអ្នកបន្តវេន គឺបន្តរក្សាយ៉ាងរឹងមាំនូវចំណងមិត្តភាពកម្ពុជា-ចិន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner