កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។

សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបានបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។

ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។ ប្រមុខទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។

ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការពារជាតិ និងសន្តិសុខ, ថាមពល, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ទេសចរណ៍, វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ៖

១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

២.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។

៣.អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner