ក្រសួងកសិកម្មអបអរសាទរក្រមាខ្មែរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអង្គការយូណេស្កូ

(ភ្នំពេញ)៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអបអរសាទរក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ដោយឡែកក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃដដែលនេះបានចេញសេចក្តីជូនដំណឹងដោយអបអរសាទរ“ក្រមា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

ក្រសួងនេះលើកឡើងថា“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។ល។

ក្រសួងវប្បធម៌បានបញ្ជាក់ដែរថា៖កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចេញសារលិខិត អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូតាមរយៈ សេចក្តីសម្រេច 19.COM 7.5.27។

ការចុះបញ្ជីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដែលបានក្លាយជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner