ក្រសួងវប្បធម៌អបអរការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា“ក្រមា”ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្តីសម្រេច19.COM 7.6.27។

ប្រភពខាងលើដដែលនេះបញ្ជាក់ថា“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។ល។

ក្រសួងបានបន្តឱ្យដឹងថា៖កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

ក្រសួងវប្បធម៌បានលើកឡើងថា៖យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវគោលនយោបាយអាទិភាពសម្រាប់វិស័យ អភិរក្ស ការពារ និង អភិវឌ្ឍមរតកវប្បធម៌ជាតិ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាអនេកចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមការងារ ជំនាញ អង្គការ សហគមន៍តម្បាញទូទាំងប្រទេស ដែលបានជួយជ្រោមជ្រែង កសាងឯកសាររហូតទទួលបានជោគជ័យ ក្នុងការដាក់បញ្ចូល “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដែលជាមោទនភាពថ្មីបន្ថែមសម្រាប់ជាតិខ្មែរទាំងមូល៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner