អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណូមពរ និងបណ្ដឹងជូនពលរដ្ឋ​នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានទទួលសំណើ សំណូមពរ និងចុះទៅដោះស្រាយបណ្ដឹងចំនួន២​ករណី ជូនប្រជា​ពលរដ្ឋ​ក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។

ករណីទី១ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយស្នើសុំធ្វើស្រែលើដីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ និងអាស្រ័យផលកន្លងមក នៅតំបន់អូរ​តាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុក​កំពង់ស្វាយ និង ករណីទី២ ប្រជាពលរដ្ឋ៩៦​គ្រួសារ ដែលបាន​អះអាងថាឈ្មោះ អ៊ុង ប៉ូហ៊ី, ឈ្មោះ អ៊ុង ហូ និងបក្ខពួកបានរំលោភ​យកដីរបស់ពួកគាត់ដែលជារបបរដ្ឋ​ចែកឱ្យតាំងពីឆ្នាំ១៩៨២ បម្រុង​លួចធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅតំបន់២ អូភេ ឃុំម្សាក្រុង ស្រុកស្ទោង ។

ពាក់ព័ន្ធករណីខាងលើនេះ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម​អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយ​នៅទីតាំងនីមួយៗ សម្រេចបានលទ្ធផលដូចតទៅ៖ករណី១៖ ដីទំហំ​១៥១,១៣២ហិកតា ដែលមានប្រជាពលរដ្ឋ​កាន់កាប់ និងអាស្រ័យផល​ជាក់ស្តែងចំនួន ៦៧គ្រួសារ នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រ​ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ជាដីស្ថិតក្នុងតំបន់២ (ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យលេខ ២៨ អនក្រប.ក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កាត់ឆ្កៀលចេញពីតំបន់៣)។

ចំពោះករណីនេះ រដ្ឋបាលខេត្តនឹងពន្លឿនចំណាត់ការលើសំណើស្នើសុំ​ធ្វើការវាស់វែង ចុះបញ្ជីអាស្រ័យផលជូនប្រជាពលរដ្ឋ។ តបតាម​សំណូមពររបស់ប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ដែលស្នើសុំកិច្ចអន្តរាគមន៍ ក្នុងការបញ្ចុះតម្លៃទឹកស្រោចស្រព ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ទឹក ព្រមទាំងបានឯកភាពបញ្ចុះ​តម្លៃពី៤៤០,០០០រៀល មកត្រឹម​៣៥០,០០០រៀលក្នុងហិកតា តាមសំណូមពរ។

ចំពោះករណីទី២៖ ដីទំហំ១២០ហិកតា ស្ថិតនៅក្នុងតំបន់២ អូរភេ ឃ្មុំម្សាក្រុង ស្រុកស្ទោង ដែលប្រជាពលរដ្ឋ៩៦គ្រួសារ ប្តឹងទាមទារ​ដីទំហំ៩០ហិកតា ដែលដីនោះជាដ៏ស្ថិតក្រោមការគ្រប់គ្រងរបស់​រដ្ឋបាលខេត្ត និងបានចុះបញ្ជីជាដីរដ្ឋ ហើយក៏ជា​កម្មវត្ថុនៃកិច្ច​សន្យាវិនិយោគទៅឱ្យឯកជនចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ។

ករណីទាមទារខាងលើនេះ រដ្ឋបាលខេត្តនឹងបន្តសិក្សាស្វែងរក​ដំណោះ​ស្រាយសម្រាប់ប្រជាពលរដ្ឋ ឈរលើមូលដ្ឋានច្បាប់ ដោយទុករយៈ​ពេល៦សប្តាហ៍ក្នុងការសិក្សាលម្អិតបន្ថែម រួចត្រឡប់មកជួបបងប្អូន​ប្រជាពលរដ្ឋម្តងទៀត។

រដ្ឋបាលខេត្តក៏បញ្ជាក់ជូនអំពីការរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការថែរក្សា​ទ្រព្យសម្បត្តិស្របច្បាប់របស់រដ្ឋ និងចាត់វិធានការចំពោះ​ជនខិលខូច​ដែលមានចេតនាទុច្ចរិត ញុះញង់ប្រជាពលរដ្ឋឱ្យមានការតវ៉ា និងការទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីរដ្ឋផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ​គោរពច្បាប់ ជៀសវាងជឿតាមការញុះញង់របស់ជនខិលខូចចូលទៅ​ទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីស្របច្បាប់របស់រដ្ឋ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner