អភិបាលស្រុកស្ទោងអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ
កំពង់ធំ៖ លោក សាយ គឹមឡម និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តលអំណោយជូនដល់ម្ចាស់ផ្ទះ២ផ្ទះដែលរងគ្រោះដោយអគ្គិភ័យ។
ម្ចាស់ផ្ទះទី១ឈ្មោះ សុខ ចាន់រម្យនាថ ភេទស្រី អាយុ៣៨ឆ្នាំ ,ខូចខាតផ្ទះមួយខ្នង ទំហំ១២ម៉ែត្រ គុណ១២ម៉ែត្រ ផ្ទាល់ដី និងទ្រព្យសម្បត្តិសម្ភារទាំងស្រុង នៅភូមិឈើទាល ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោងដែលឆេះកាលពីថ្ងៃទី៤ ខែធ្នូ។ម្ចាស់ផ្ទះទី២ ឈ្មោះ ឃិត ប៉េង ប្រពន្ធឈ្មោះ ប៉ូច រ៉ៃ រស់នៅភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោងត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី២ ខែធ្នូ។
ជាមួយនឹងការផ្តល់អំណោយជាស្បៀង និងថវិកា លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសប្រព័ន្ធអគ្គិសនីនៅក្នុងគេហដ្ឋានត្រូវតែតាមបទដ្ឋានបច្ចេកទេសនិងប្រព័ន្ធសុវត្ថិភាព។ កុំដុតសំរាមផ្តេសផ្តាស ដោយមិនឃ្លាំមើលដែលអាចបង្កជាអគ្គិភ័យបាន៕
ដោយ៖ប៊ុន រដ្ឋា