រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (The World Bank) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍លោកស្រីនាយក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតក្នុងវិស័យកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មក្នុងការរក្សាស្ថេរភាពថ្លៃកសិផលសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការរបស់ប្រជាកសិករជួយទៅលើផ្នែកបច្ចេកទេសនិងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះគឺផ្តោតសំខាន់ទៅលើគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដោយមិនប្រកួតប្រជែងបរិមាណឡើយ។
ពាក់ព័ន្ធនឹងការងារឌីជីថលូបនីយកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាការងារនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ទីកន្លែងដូចជាការអនុវត្តការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ គ្រឹះស្ថានអប់រំ ការងារមន្រ្តីភូមិ-ឃុំ សហគមន៍កសិកម្មទំនើប និងកសិករនៅមូលដ្ឋានជាក់ស្តែង សុទ្ធសឹងតែត្រូវការដើម្បីអនុវត្តការងារមានភាពទំនើបកម្ម រហ័សទាន់ពេលវេលា និងមានភាពងាយស្រួល ។

ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងអភិវឌ្ឍនានាជាមួយធនាគារពិភពលោក ជាពិសេសជាមួយលោកស្រី Tania Meyer ប្រកបដោយលទ្ធផលផ្លែផ្កា និងទទួលជោគជ័យទាំងអស់គ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner