សេចក្តីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បញ្ចប់ទស្សនកិច្ចមិត្តភាព និងផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដោយលទ្ធផលផ្លែផ្កានូវដំណើរទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ សម្តេចតេជោ បានជួបដោយឡែកជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង ហូនឹង ប្រធាន សភាប្រឹក្សានយោបាយប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានសភាតំណាងប្រជាជនចិន។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរវឌ្ឍនភាពដ៏អស្ចារ្យរបស់ប្រទេសចិនលើគ្រប់វិស័យ ក្នុងឱកាសខួបកំណើតលើកទី៧៥នៃសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំនេះ។ សម្តេចតេជោ និងថ្នាក់ ដឹកនាំចិនបានសម្តែងការពេញចិត្តជាខ្លាំងចំពោះការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមករវាងកម្ពុជា និងចិន ដោយបន្តធ្វើការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ជាញឹកញាប់រវាងគណបក្សកាន់អំណាច រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំង ពីរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះ គោលនយោបាយចិនតែមួយ និងអរគុណថ្នាក់ដឹកនាំចិនដែលគាំទ្រមាគ៌ាអភិវឌ្ឍន៍សមស្របទៅតាម បរិបទនៃប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំចិនដែល បានសន្យាបន្តរួមចំណែកដល់កំណើនប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការអនុវត្តរូបកបដោយប្រសិទ្ធិភាព នៅផែនការសកម្មភាពស្ដីពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគ្គសម័យថ្មី (២០២៤-២០២៨) និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យអាទឹកពេ ចំនួន៦ គឺកិច្ចសហប្រតិបត្តិការនយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំចិន បានលើកពីការជំរុញឲ្យសម្រេចបានឆាប់នូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេក វិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” នៅកម្ពុជា។ ភាគីទាំងពីក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិ ការលើវិស័យអប់រំ និងបង្កើនការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ និងយុវជនផងដែរ។
ក្នុងវិស័យការពារជាតិ និងសន្តិសុខ សម្តេចតេជោ និងថ្នាក់ដឹកនាំចិនបានគូសបញ្ជាក់ពី ភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការ ជួញដូរមនុស្ស និងគ្រឿងញៀន ព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត ដើម្បីធានាបាននូវភាព សុខដុមរមនា និងសន្តិសុខនៃប្រទេសជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តរួមគ្នាក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ស្នូល របស់ប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្នាក់ដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ ត្រៀមទទួលស្វាគមន៍ថ្នាក់ដឹកនាំចិនគ្រប់រូបយ៉ាងកក់ក្តៅនៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាសាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសារមន្ទីរប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិន។
មុនពេលសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ទស្សនកិច្ចរបស់ ឯកឧត្តម នៅទីក្រុងប៉េកាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ប្រាក់ សុខុន បានជួបដាច់ដោយឡែកពីគ្នា ហើយបានធ្វើកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាផង ដែរជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីអំពីការរិះរកមធ្យោបាយពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងចិន៕
ដោយ ៖ សួង ពិសិដ្ឋ