ក្រសួងសុខាភិបាល ក្រើនរំលឹកជាថ្មីអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarettes) ដែលបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត ។
បារីអេឡិចត្រូនិក បញ្ចេញចំហាយដោយសារ ការដុតកំដៅនៃសារធាតុរាវដែលមានផ្ទុកនូវសារធាតុនីកូទីន។ បារីអេឡិចត្រូនិក មានឈ្មោះជាច្រើន ដូចជា E-cigs, Mods, Vape pens, Vapes, ជាដើម ជាទូទៅគេហៅថា វ៉េបភីង (Vaping)។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ជាមួយកញ្ញា និងសារធាតុញៀនផ្សេងទៀតផងដែរ ។
បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្តាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក។ ការប្រើប្រាស់បារី អេឡិចត្រូនិកអាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន ហើយក៏មានផលប៉ះពាល់ ដល់ការលូតលាស់ខួរក្បាលទន្ទឹមនឹងនេះដែរ ក៏មានជនឆ្លៀតឱកាសបានធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកក្រោមខ្លឹមសារ បំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ក្រសួង សុខាភិបាល សូមបញ្ជាក់ថា បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជា ផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារី អេឡិចត្រូនិក។ សូមអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមចាត់វិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុង ការអប់រំណែនាំ និងទប់ស្កាត់ការប្រើប្រាស់ការជួញដូរ និងចែកចាយបារីអេឡិចត្រូនិក ក្នុងតំបន់គ្របដណ្តប់ របស់ខ្លួន ៕
ដោយ ៖ ហេង សម្បត្តិ