អភិបាលខេត្ត៖កងទ័ព ក៏ជាកម្លាំងជួយសង្រ្គោះពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ
កំពង់ធំ៖កងទ័ពមិនត្រឹមតែជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ តែក៏ជាកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត ។ នេះជាការលើកឡើងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំក្នុងឱកាសជូនដំណើយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ។
ជាមួយការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថឯកឧត្តម នួន ផារ័ត្ន បានបន្តថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានទិសដៅធ្វើយ៉ាងណាឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប មានការរៀបរយ មានវិជ្ជាជីវៈ មានសមត្ថភាព ដែលអាចឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់។
ក្នុងឱកាសជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ចំនួននាក់ ៥៩នាក់នេះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំក៏បានជូនថវិកាទ្រនាប់ដៃមួយចំនួនផងដែរ៕
ដោយ៖ ប៊ុន រដ្ឋា