រោងចក្រថ្មីរបស់ក្រុមហ៊ុន Minebea នឹងដាក់ឱ្យដំណើរការនៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ ខាងមុខ

(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. បានប្រកាសថា ក្រុមហ៊ុន Minebea នឹងដាក់ឱ្យដំណើរការ រោងចក្រថ្មីជាផ្លូវការ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ ខាងមុខ ។

ការប្រកាសរបស់លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។

លោកអគ្គនាយកក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពី វឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុន បាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ក្រុមហ៊ុន Minebea​ ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វី អេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តា ប្រទេសជាច្រើន។

លោកអគ្គនាយកក្រុមហ៊ុន ក៏បានសម្ដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់ នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មី ដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្ម ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំង ចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគ របស់ខ្លួននៅកម្ពុជា។ ការណ៍នេះ​ បង្ហាញឱ្យឃើញ អំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់ រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។

សម្ដេចបវរធិបតី មានជំនឿងយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាព វិនិយោគនៅកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញ នូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានា សម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន៖ ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក, ការកសាងផ្លូវថ្នល់ ​ស្ពាន, និងការកសាង ព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់ វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner