ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខាងមុខនេះ ត្រូវតែធ្វើឡើងដោយគគ្រឹកគ្រែងបំផុត
(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួម ប្រមាណជិត៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះផងដែរ។

ដើម្បីអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះដំណើរការទៅដោយរលូននិងជោគជ័យ នារសៀលថ្ងៃទី០៦ធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំមួយជាមួយស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ៖ ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជាដែលរកមកបានដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖ ព្រឹត្តិការណ៍បាល់ទាត់នេះ ចំពោះការផ្សព្វផ្សាយ ការតុបតែងត្រូវបានប្រគល់ជូនទូរទស្សន៍បាយ័នជាអ្នករៀបចំ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើអោយបានល្អបំផុតជាមួយនិងការទទួលខុសត្រូវរៀងៗខ្លួន។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងផងដែរថា៖ បាល់ទាត់នេះ ផ្សារភ្ជាប់ជាមួយសន្តិភាព។ សន្តិភាពបានមកដោយលំបាក ដូច្នេះហើយបានគេយកប្រទេសកម្ពុជាជាគំរូ រហូតគេផ្តល់មេដាយសន្តិភាពជូនកម្ពុជា«សម្ដេចតេជោហ៊ុន សែន»ថែមទៀត។

ឯកឧត្តមសន្តិបណ្ឌិត បន្តថា ព្រឹត្តិការណ៍បាល់ទាត់នេះនិងមានមហាជនចូលរួមជិត៥ម៉ឺននាក់ ពួកគាត់មកទស្សនា ជាមួយការចែកទឹកបរិសុទ្ធជូនហ្រ្វី។ ការតុបតែង ការសម្តែងសិល្បៈ មុនព្រឹត្តិការណ៍បាល់ទាត់ ត្រូវតែធ្វើឡើងដោយគគ្រឹកគ្រែងបំផុត។ ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សាយខ្លឹមសារនៃព្រឹត្តិការណ៍នេះអោយទូលំទូលាយ។ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ត្រូវរួមគ្នាធ្វើ និងទទួលខុសត្រូវទាំងអស់គ្នានិងសុំអោយបានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ ក្រៅពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងាររៀនចំចំណតនិងការងារ អនាម័យ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនិងការជំរុញអោយក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមល្បឿនកំលាំងសេវាទូរស័ព្ទ ដោយសារមនុស្សចូលរួមច្រើន ។

គួរបញ្ជាក់ថា ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន ២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ ៤ម៉ឺន ទៅ ៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង ១៧:០០នាទី ៕
ដោយ ៖ ហេង សម្បត្តិ




