ប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការខេត្តស្វាយរៀង
ស្វាយរៀង៖លោក យន់ រស្មី ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ជំនួស លោក នួន លីហួន ដែលទទួលបានការជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាខេត្ត។ពិធីបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ,ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

ក្នុងនាមក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានសង្ឃឹមយ៉ាងមុតមាំចំពោះលោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មីជាមន្ត្រីដែលធ្លាប់មានបទពិសោធន៍ និងជាអនុប្រធានមន្ទីររយៈពេល៧ឆ្នាំកន្លងមក នឹងបន្តខិតខំប្រឹងប្រែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍បំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធផល។

ក្នុងឱកាសនេះដែរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចូលរួមអបអរសាទរ ឯកឧត្តម នួន លីហួន អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលទទួលបានការជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងនីតិកាលទី៤ និងផ្តាំផ្ញើដល់ លោក យន់ រស្មី ប្រធានមន្ទីរសាធារណការថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ។បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមន្ទីរ-អង្គភាពនានាជំនាញខេត្ដ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ ជាតិ-អន្ដរជាតិ ជាពិសេសអនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្តដើម្បីបន្តអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ,ផ្ដល់ សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ដោយ៖នុត នាង
