អភិបាលខេត្តជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៤២នាក់ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
បន្ទាយមានជ័យ៖នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំពិធីជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលទើបជ្រើសរើសថ្មីជាប់ជាស្ថាពរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងពិធីជូនដំណើរនេះឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តាំផ្ញើដល់ប្អូនៗបានប្រឡងជាប់ជាយោធិននៃកងរាជអាវុធហត្ថ ពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវខិតខំប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត ។ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

ចំណែកឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃ,ទាំងពេលភ្លៀងពុំខ្លាចនឿយហត់ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យសម្រេចបានលទ្ធផលជាទីមោទនៈ។ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន១០លានរៀលសម្រាប់ផ្គត់ផ្គងក្នុងហ្វឹកហ្វឺនដល់យោធិននៃកងរាជអាវុធហត្ថ ទាំង៤២រូប៕
ដោយ៖ឃិន គន្ធា







