មន្រ្តីខណ្ឌរដ្ឋបាលជលផល និងឆ្មាំទន្លេអភិរក្សសត្វផ្សោត ដកហូតមង និងសន្ទូចរនងប្រវែងជាងបួនពាន់ម៉ែត្រ ក្នុងសកម្មភាពចុះល្បាត
ស្ទឹងត្រែង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ជាមួយកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំងបួនប៉ុស្តិ៍ សហការជាមួយសហគមន៍នេសាទកោះជ្រឹម បានចុះល្បាតទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់អន្លង់ត្បូងខ្លា អន្លង់កោះកូនសត្វ និងអន្លង់កោះសន្ទក់ស្ថិតក្នុងស្រុកសៀមបូកអស់រយៈពេលបីថ្ងៃ។ សកម្មភាពរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ។
ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាប និងដកហូតមង ៣៨ត្បូង ក្រឡា ០៥-០៩-១២-១៦ និង១៧សង់ទីម៉ែត្រប្រវែង ២ ៨៨៥ម៉ែត្រ និងសន្ទូចរនង ១៧ខ្សែ មានប្រវែង ១. ៥២០ម៉ែត្រ ។សរុប ៤ ៤០៥ម៉ែត្រ ស្មើនឹង ១ ៩៩០ផ្លែសន្ទូចរនង។
ប្រភពដដែលបន្តថា កម្រិតទឹកចាប់ផ្ដើមស្រក ។ត្រីចាប់ផ្ដើមធ្វើដំណើរចេញពីតំបន់ខ្សែទឹកខាងក្រោម មករកទីជម្រក និងចំណីក្នុងខេត្តស្ទឹងត្រែងវិញ ដែលជាហេតុធ្វើឱ្យប្រជានេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ចាប់ផ្ដើមលួចនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ ដែលធ្វើឱ្យមានហានិភ័យដល់សត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។
មន្រ្តីខណ្ឌរដ្ឋបាលជលស្ទឹងត្រែង បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារសត្វផ្សោតទាំងអស់គ្នា ព្រោះសត្វផ្សោត ជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ មានតម្លៃជាសាកលលើពិភពលោក និងជារតនៈសម្បត្តិមានជីវិតរបស់ប្រទេសកម្ពុជាយើង៕
ដោយ៖ឡុង សំបូរ