ខ្នើតខែមិគសិរនេះខេត្តកំពង់ឆ្នាំង ត្រីធំៗបានត្រូវជាបណ្ដើរៗហើយនៅតំបន់ឆ្នុកទ្រូ
កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូឆ្នាំ ២០២៤ ត្រូវនៅថ្ងៃទី ៦កើតខែមិគសិរ ត្រីប្រហុកនៅមិនទាន់ត្រូវនៅឡើយទេ ប៉ុន្តែត្រីធំៗបានត្រូវបណ្ដើរៗ។ជាពិសេសនៅតំបន់ក្នុងទ្រូ ស្រុកបរិបូណ៌ ។នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា ផលត្រីឆ្នាំនេះអាចនឹងកើនឡើងជាងឆ្នាំកន្លងទៅ។ សម្រាប់ព្រឹកថ្ងៃ៦ កើតខែមិគសិរ ត្រូវនឹងថ្ងៃទី៦ ខែធ្នូនេះត្រីនៅតំបន់ឆ្នុកទ្រូបានត្រូវជាបណ្ដើរៗហើយ។ ការនេសាទដោយការបណ្ដែត មងក្រឡា៥ហ៊ុន មានត្រូវត្រីច្រកែង ត្រីឆ្កោក និងត្រីក្អែក ។សម្រាប់ត្រីធ្វើប្រហុក នៅមិនទាន់ត្រូវនៅឡើយទេ តែអាចត្រូវនឹងចុងខ្នើត ឬខ្នើតខែបុស្ស ខែក្រោយ ។

លោក លី ឡា បានបន្តថា តាមធម្មតាត្រីចេញពីតំបន់បឹងទន្លេសាបមកតាមដៃទន្លេ។កន្លែងដែលត្រូវមុនគេគឺដើមដៃ ហើយបន្ទាប់មកបានត្រូវតំបន់ឆ្ងាយៗ ដូចជា មកដល់កំពង់ឆ្នាំង និងទៅខាងឃុំសែប ស្រុកកំពង់ត្រឡាច ហើយបន្តទៅដល់ស្រុកពញាឮ ខេត្តកណ្ដាល និងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រឡាក់ ផ្អក អាចនឹងទៅទិញត្រីបាននៅតំបន់ឆ្នុកទ្រូ តែសម្រាប់ត្រីប្រហុកត្រូវរង់ចាំនៅចុងខ្នើតខែនេះឬអាចខ្នើតនៅខែក្រោយ។

នៅផ្សារលើខេត្តកំពង់ឆ្នាំងតម្លៃត្រីឆ្កោកប្រភេទមួយក្បាលទម្ងន់មួយគីឡូតម្លៃ ១៣.០០០ រៀល,ត្រីឆ្កោកមួយក្បាលទម្ងន់ជាង២គីឡូក្រាមឡើងទៅតម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម,ត្រីច្រកែងធំមួយគីឡូក្រាមមួយម៉ឺនរៀល, ត្រីច្រកែងតូចថ្លៃ ៧.០០០រៀលក្នុងមួយគីឡូក្រាម ៕
ដោយ៖សុខ គឹម សៀន


