Apple អាចនឹងវិនិយោគ១ពាន់លាននៅឥណ្ឌូនេស៊ី ដោះបំរាម Iphone 16

បរទេស ៖ បន្ទាប់ពីមានរឿងចម្រូងចម្រាស់ ដែល Iphone16 មិនអាចលក់បាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី មន្ត្រីជាន់ខ្ពស់បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple គ្រោងនឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

កាសែត Techinasia បានចេញផ្សាយ ថ្មីៗនេះ ដោយបានដកស្រង់សម្តី របស់រដ្ឋមន្ត្រីវិនិយោគ ប្រទេសឥណ្ឌូនេស៊ី លោក Rosan Roeslani អំពីដំណឹងនេះ។ លោកបានលើកឡើងថា រោងចក្រនឹងផលិតគ្រឿងបន្លាស់ សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងៗទៀត។ បើតាមលោករដ្ឋមន្ត្រី ដំណើរការលម្អិត នៃគម្រោង រដ្ឋាភិបាលកំពុងពិភាក្សាជាមួយ Apple នៅឡើយ ហើយអាចនឹងចុះហត្ថលេខា នៅសប្តាហ៍ក្រោយ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីការហាមប្រាម របស់ប្រទេសឥណ្ឌូនេស៊ី មិនឲ្យលក់ iPhone 16 ក្នុងប្រទេសរបស់ខ្លួន តាំងពីខែតុលា ដោយអះអាងថា មកពី Apple មិនបានគោរពតាមបទប្បញ្ញត្តិ ដែលតម្រូវឱ្យផលិតគ្រឿងបន្លាស់ទូរស័ព្ទ ចំនួន ៤០% នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានច្រានចោលការប៉ុនប៉ងវិនិយោគចំនួន ១០០ លានដុល្លារ ពីក្រុមហ៊ុន Apple ដោយចាត់ទុកថា ទំហំវិនិយោគនេះមិនគ្រប់គ្រាន់ ក្នុងការលុបចោលបំរាមលក់ iPhone 16 ។

យ៉ាងណាមិញ Apple មិនបានផ្តល់ការអធិប្បាយ លើការពិភាក្សាការវិនិយោគ ១ពាន់លានដុល្លារ នេះនៅឡើយទេ។ Apple មិនមានប្រតិបត្តិការផលិត នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ប៉ុន្តែ បានដំណើរការសាលារៀន បណ្តុះបណ្តាលជំនាញអ្នកអភិវឌ្ឍន៍កម្មវិធី នៅទីនោះ តាំងពីឆ្នាំ ២០១៨ នេះបើយោងតាមកាសែត Techinasia ដដែល៕

ប្រភព៖ Techinasia ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner