នាយករដ្ឋមន្ត្រីវៀតណាមជល់កែវជាមួយមេធំ Nvidia ក្នុងតូបអាហារតាមផ្លូវនៅហាណូយ
ហាណូយ៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ជាង៣ពាន់ពាន់លានដុល្លារ Nvidia លោក Jensen Huang ស្ងាត់ៗ បានលេចវត្តមានទទួលទានស្រា និងអាហារ នៅតូបលក់តាមជញ្ចើមផ្លូវ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅក្នុងទីក្រុងហាណូយ ដោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកស្រុក និងភ្ញៀវទេសចរ ជាច្រើន នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress នៅថ្ងៃសុក្រនេះ។
ប្រភពថា នៅម៉ោងប្រហែល១០យប់ ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីវៀតណាម និង លោក Huang បានរីករាយនឹងការស្វែងរកអាហារ នៅតំបន់ផ្លូវទេសចរណ៍ល្បីឈ្មោះ Ta Hien មានទាំង ការជល់ស្រាបៀរជាមួយគ្នា ដើម្បីអបអរសាទរ កិច្ចសហប្រតិបត្តិការលើការបង្កើតមជ្ឈមណ្ឌល AI ឬ បញ្ញាសិប្បនិម្មិត ដែលទើបចុះហត្ថលេខា កាលពីល្ងាច ថ្ងៃនោះដដែល។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលលោក Huang បានទៅដល់កន្លែងលក់អាហារតាមផ្លូវ នៅទីក្រុងហាណូយ។ ក្នុងពិធីចុះហត្ថលេខា ស្ថាបនិករបស់ Nvidia ដែលល្បីខ្លាំងលើបន្ទះឈីប បានកត់សម្គាល់ថា វៀតណាមមានអាហារដ៏ឆ្ងាញ់, វប្បធម៌សម្បូរបែប, មនុស្សស្រស់ស្អាត ដោយបានបង្ហាញពីជំនឿថា វៀតណាមនឹងត្រូវបានទទួលស្គាល់ជា ប្រទេសបច្ចេកវិទ្យាទំនើប នាពេលអនាគត។
បើតាម VNexpress លោក Jensen Huang បច្ចុប្បន្ន មានទ្រព្យសម្បត្តិជាង ១២៦ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើន នៃភាគហ៊ុនរបស់លោក គឺនៅក្នុង Nvidia ដែលជាក្រុមហ៊ុនបន្ទះឈីប AI ឈានមុខគេ របស់ពិភពលោក។
ចាប់តាំងពីការរីកចំរើនខ្លាំងលើ AI ក្នុងឆ្នាំ២០២២ តម្រូវការបន្ទះឈីបរបស់ Nvidia បានកើនឡើងយ៉ាងខ្លាំង ដោយជំរុញឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនលើសពី ៣.៥ ពាន់ពាន់លានដុល្លារ ដែលតែងតែប្រណាំងប្រជែង ដេញប្រកៀកនឹងក្រុមហ៊ុន Apple ក្នុងការគ្រងតំណែង «ក្រុមហ៊ុនដ៏មានតម្លៃបំផុត» របស់ពិភពលោក៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត