ព្រឹត្តិការណ៍វាយកូនបាល់Tep Khunnah Memorial Cup ត្រូវបានបណ្តាប្រទេសចូលរួមកោតសរសើរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup សម្រាប់វ័យក្រោម១៤ឆ្នាំ និង១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យលើការប្រកួតវ័យក្រោម១៤ឆ្នាំ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈបណ្តាប្រទេសចូលរួមបានកោតសរសើរ និងទទួលបានភាពកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។

នេះជាការប្រសាសន៍របស់លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធវាយកូនបាល់កម្ពុជា ដែលបានគូសបញ្ជាប់ប្រាប់សារព័ត៌មាន ក្រោយពិធីបំពាក់មេដាយ។

លោក ទេព រិទ្ធិវិទ្ធ បានលើកឡើងថា ស្មារតីរបស់សហព័ន្ធដែលបានរៀបចំព្រឹត្តិការណ៍កីឡាវាយកូនបាល់នេះឡើង គឺដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីយើងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងអាស៊ីមួយចំនួនបានចូលរួមប្រកួតប្រជែងជាមួយគ្នា ដើម្បីពង្រឹងគុណភាពជំនាញវាយកូនបាល់ដល់អត្តពលិកវ័យក្មេងក្រោម១៤ឆ្នាំ និងក្រោម១៦ឆ្នាំ ឱ្យកាន់តែល្អប្រសើរបន្ថែម។

ចំពោះការប្រកួតក្រោម១៤ឆ្នាំគឺបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍វាយកូនបាល់ពានរង្វាន់ Tep Khunnah Memorial Cup ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនីវ័យក្មេងៗមកពីជប៉ុន ចិន ហុងកុង ឥណ្ឌា វៀតណាម និងម្ចាស់ផ្ទះកម្ពុជាជាដើម

លោក ទេព រិទ្ធីវិទ្ធ បានសង្កត់ធ្ងន់ថា ៖«បណ្តាប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Tep Khunnah Memorial Cup 2024 នៅកម្ពុជាពិតជាបានបង្ហាញក្តីរីករាយ ដែលយើងបានរៀបចំលក្ខណៈអាជីពកម្រិតអន្តរជាតិ។ បើទោះបីជាការប្រកួតនេះត្រឹមក្រោមអាយុ១៤ឆ្នាំ និងក្រោម១៦ឆ្នាំក៏ពិតមែន ក៏ស្មារតីរបស់យើងក្នុងនាមជាម្ចាស់ផ្ទះ គឺតែងតែផ្តល់ឱ្យអស់ពីលទ្ធភាព និងផ្តល់សេវាល្អសម្រាប់ប្រតិភូកីឡា ដែលនេះគឺជាមុខមាត់របស់ប្រទេសជាតិយើងទាំងមូលផងដែរ។ អ្វីដែលពិសេស មិនត្រឹមតែប្រភេទកីឡាវាយកូនបាល់បង្ហាញជូនទៅអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការការបង្ហាញក្នុងស្មារតីជាប្រជាពលរដ្ឋខ្មែរ ដែលចេះទទួលស្វាគមន៍ភ្ញៀវប្រកបដោយភាពរីករាយ និងកក់ក្តៅ»។

បន្ថែមពីលើនេះ លោកអគ្គលខាធិការគូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup គឺជាការរម្លឹកនូវការចងចាំនូវគុណូការៈរបស់លោក ទេព ឃុនណា ដែលជាឪពុករបស់លោក ទេព រិទ្ធិវិទ្ធ ដែលឈ្មោះព្រឹត្តិការណ៍នេះ សហព័ន្ធវាយកូនបាល់កម្ពុជាបានស្នើសុំទៅសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ហើយសហព័ន្ធវាយកូនបាល់អាស៊ីក៏បានឯកភាពក្នុងការដាក់ឈ្មោះការប្រកួតលក្ខណៈអន្តរជាតិ ជាលើកទី១ សម្រាប់ឆ្នាំ២០២៤នេះ បន្ទាប់ពី២៨លើកកន្លងទៅ យើងរៀបចំការប្រកួតតែកម្រិតក្នុងស្រុកប៉ុណ្ណោះ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner