ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការប្រគល់ដីនិងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារ ក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់
(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគល់ដី និងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជន និងគ្រួសារក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់ផងដែរ ដោយព្រមទាំងបានបង្ហាញទិដ្ឋភាពចំនួនពីរ រួមមាន ទី១ កសិឧស្សាហកម្ម ដោយជំរុញចលនាដាំស្វាយចន្ទី ដើម្បីផ្ដល់ផលប្រយោជន៍ដល់យុទ្ធជន ,អតីតយុទ្ធជន និងគ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានទាំងនោះ, ទី២ រោងចក្រនិង សួនឧស្សាហកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមយុទ្ធជន អតីតយុទ្ធជន និងគ្រួសារ នាពេលខាងមុខ។
នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការកំណត់ទីតាំងសាងសង់ផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារតាមបណ្ដោយព្រំដែន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលផ្ដុំមតិយោបល់សម្រាប់អនុវត្តទៅមុខទៀត ក្នុងការអភិវឌ្ឍន៍លំនៅឋានជូនកងទ័ព,អតីតកងទ័ព និងគ្រួសារ ។ ម្យ៉ាងទៀតកិច្ចប្រជុំនេះក៏ដើម្បីស្នើសុំមតិយោបល់ពីសមាជិកអង្គប្រជុំថាតើដីសម្បទានសម្រាប់យុទ្ធជន, អតីតយុទ្ធជននិងគ្រួសារនាពេលខាងមុខត្រូវអនុវត្តយ៉ាងដូចម្ដេច ។
ឆ្លងកាត់កិច្ចពិភាក្សាយ៉ាងផុសផុលក្នុងអង្គប្រជុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានសម្រេចថា អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះទៅពិនិត្យជាក់ស្ដែងដោយផ្ទាល់ចំពោះទីតាំងនីមួយៗ ក្នុងការសាងសង់លំនៅឋានជូនយុទ្ធជន អតីតយុទ្ធជននិងគ្រួសារ និងស្នើសុំមតិយោបល់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទិននឹងបញ្ហាថវិកាក្នុងការសាងសង់នេះផងដែរ ៕
ដោយ / គ្រី សម្បត្តិ