រយៈពេល ២៥ឆ្នាំ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំដីជាងមួយលានហិកតានៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងរយៈពេល ២៥ឆ្នាំនៃសតវត្សចុងក្រោយនេះ អង្គការ WCS បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំដីជាងមួយលានហិកតា។ តំបន់ទាំងនេះជាទីជម្រកធម្មជាតិសម្រាប់សត្វដែលជានិមិត្តសញ្ញាជាតិដូចជាសត្វត្រយ៉ងយក្ស សត្វអណ្តើកហ្លួង និងសត្វត្រយ៉ងចង្កំកស ដែលត្រូវបានរកឃើញឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអង្គការ WCS និងត្រូវបានជំរុញឱ្យមានការការពារសារជាថ្មីនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅខេត្តកោះកុងនិងខេត្តព្រះវិហារ ។

នៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៤នេះអង្គការ WCS ប្រចាំកម្ពុជាប្រារព្ធខួប ២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា នាសណ្ឋានគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ អ៊ឹមរចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។

ចាប់តាំងពី ឆ្នាំ១៩៩៩មក អង្គការ WCS បានការពារជីវៈចម្រុះនៅតាមតំបន់ទេសភាពចំនួន៥ ដោយរួមមានទាំងតំបន់ទេសភាពបឹងទន្លេសាបដែលជាទីកន្លែងអង្គការ WCS បានជួយបង្កើតតំបន់អភិរក្សដំបូងគេនិងមានតែមួយប៉ុណ្ណោះក្នុងពិភពលោកសម្រាប់ការអភិរក្សសត្វខ្សឹប ។

ពិធីប្រារព្ធខួបនេះជាចំណែកនៃសមិទ្ធិផលជាសកលក្នុងរយៈពេល ១២៥ឆ្នាំកន្លងមករបស់អង្គការ WCS ជាមួយនឹងការចូលរួមចំណែករបស់បុគ្គលិកជាង១ ០០០នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សចាប់តាំងពីកម្មវិធីអភិរក្សបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា។

លោក អាលីសស្ទែរ ម៉ូលដ៏ នាយកអង្គការ WCS ប្រចាំកម្ពុជា បានឱ្យដឹងថា ៖ “កម្មវិធីអភិរក្សរបស់អង្គការ WCS បានរីកចម្រើនទន្ទឹមនឹងប្រទេសកម្ពុជា។ គម្រោងគំនិតផ្តួចផ្តើមនិងច្នៃប្រឌិតផ្សេងៗក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះបានបង្ហាញនូវសមិទ្ធិផលដែលអាចសម្រេចទៅបាន នៅពេលដែលវិទ្យាសាស្ត្រ សហគមន៍ និងការប្តេជ្ញាចិត្តជាមគ្គទេសក៍សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ យើងមានមោទនភាពក្នុងការចូលរួមចំណែកក្នុងដំណើរមួយនេះរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការថែរក្សាបរិស្ថាន”។

លោក អាលីសស្ទែរ ម៉ូលដ៍ បាននិយាយថា៖ “ដំណើររឿងនៃការងារអភិរក្សក្នុងប្រទេសកម្ពុជានៅតែកំពុងត្រូវបានសរសេរចងក្រង។ បញ្ហាប្រឈមនិងឧបសគ្គនាពេលខាងមុខគឺពិតជាធំមែន ប៉ុន្តែសក្តានុពលនៃសមិទ្ធិផលដែលអាចសម្រេចបាននោះក៏ធំធេងផងដែរ។”

គួរបញ្ជាក់ថា តាមរយៈការចាប់ដៃគូសហការជាមួយសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អង្គការ WCS បានឈានទៅមុខក្នុងផ្នែកវិទ្យាសាស្ត្រថ្មីៗ រួមបញ្ចូលនូវការរកឃើញសត្វចំនួន២០ប្រភេទដែលជាប្រភេទមិនត្រូវបានស្គាល់អត្តសញ្ញាណពីមុនមកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះ “កង្កែបស្នែងអូររាំង” ដែលត្រូវបានដាក់ឈ្មោះដើម្បីលើកតម្កើងភូមិជនជាតិដើមភាគតិចព្នង (ពូនង) ដែលចូលរួមការពារព្រៃឈើយ៉ាងមុតមាំនិងអនុញ្ញាតឱ្យសត្វកង្កែបប្រភេទនេះបន្តរស់រានបាន ។

គម្រោងអភិរក្សដឹកនាំដោយអង្គការ WCS ត្រូវបានសមាជិកសហគមន៍ជាង ៥១ ០០០នាក់ធ្លាប់បានចូលរួមក្នុងគម្រោងផ្តួចផ្តើមផ្សេងៗ ដែលគិតចាប់ពីការល្បាតព្រៃសហគមន៍រហូតដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ គម្រោងរេដបូកកែវសីមាបានផ្តល់ថវិកាដោយផ្ទាល់ជាង២លានដុល្លារអាមេរិកដល់សហគមន៍ចំនួន ២០ សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ជាង ៤០០គម្រោង ។

គម្រោងទាំងនេះរួមមានគម្រោងប្រព័ន្ធទឹកស្អាតសម្រាប់ប្រជាជនប្រមាណ ១០ ០០០នាក់ គ្លីនិកសុខភាពចល័ត និងការសាងសង់សាលប្រជុំសហគមន៍ជាដើម ។
អង្គការ WCS បានដាក់បញ្ចូលកម្មវិធីស្រូវត្រយង (IBIS Rice) ក្នុងឆ្នាំ២០១៧ ដោយផ្តល់តម្លៃស្រូវខ្ពស់ដល់កសិករដាំដុះស្រូវផ្កាម្លិះសរីរាង្គនិងមានមិត្តភាពសង្រ្គោះសត្វព្រៃ ដែលមិនប្រព្រឹត្តការកាប់ឆ្ការព្រៃឈើ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner