រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និង នវានុវត្តន៍ សម្រាប់គាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ ។ នេះបើតាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។ ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំសំដៅជំរុញវប្បធម៌នៃការតែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាព អ្នកនិពន្ធ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ប្រកបដោយសុច្ឆន្ទៈ មនសិការនៃវប្បធម៌ សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពតែងនិពន្ធ ប្រកបដោយសច្ចធម៌ បរិយាបន្ន និង លើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិត ដើម្បីទាំងអស់គ្នា។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំ ទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានា ឱ្យបន្តពង្រឹងការចូលរួមតាក់តែង និង ការបង្កើតស្នាដៃថ្មីៗ សម្រាប់ជាគុណប្រយោជន៍ដល់វិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវ របស់សិស្ស និស្សិត និងមជ្ឈដ្ឋានទូទៅ។

មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និង នវានុវត្តន៍ សម្រាប់គាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅអាទិភាពរបស់ យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព អមដោយការពង្រឹងក្រមសីលធម៌ និងអត្ថន័យនៃអត្ថបទតែងនិពន្ធ សំដៅការពារតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ និងប្រពៃណីជាតិ ដោយតម្កល់ផលប្រយោជន៍សង្គមជាធំ។ ជាមួយគ្នានេះ តាមរយៈក្រសួង ស្ថាប័នមានសមត្ថកិច្ច កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ ប្រហែល ដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធផងដែរ ត្រូវបានបន្តពង្រឹងទាំងក្រោមរូបភាពនៃការពង្រឹង ច្បាប់ ការពង្រឹងការអនុវត្តច្បាប់និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ លើវិស័យកម្មសិទ្ធិបញ្ញានេះ។

សម្ដេចបន្ថែមថា ជាការពិតណាស់ “ទិវាជាតិអ្នកនិពន្ធ” គឺជាផ្នែកមួយដោយឡែកដែលនឹងចូលរួមដល់ការសម្រេចបាននូវ គោលបំណង និងទិសដៅ

គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ តាមរយៈសកម្មភាពចូលរួមលើកស្ទួយ និងជំរុញ ឧស្សាហកម្មវប្បធម៌ផ្តោតលើសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីលើគ្រប់ផ្នែកដូចជា តន្ត្រី សោតទស្សន៍ ភាពយន្ត ការបោះពុម្ព សិល្បៈទស្សនីយភាព សិប្បកម្ម វិចិត្រកម្ម តម្បាញ ប្រពៃណី ការច្នៃម៉ូដ និង ស្ថាបត្យកម្ម ដែលជាចំណុចស្នូលនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌សិល្បៈ និងជាត្រីវិស័យក្នុងការនាំឆ្ពោះ ទៅដល់ការផ្សារភ្ជាប់វិស័យវប្បធម៌ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញាណជាតិ ការលើកស្ទួយ សីលធម៌ និងកិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌។

ឆ្លៀតក្នុងឱកាសនៃទិវាជាតិអ្នកនិពន្ធនាឆ្នាំនេះ សម្ដេចបវរធិបតី សូមអំពាវនាវដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នក និពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដទៃទៀត សូមចូលរួមសហការគាំទ្រវិស័យតែងនិពន្ធ និងសូមចូលរួមផ្សព្វផ្សាយ ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៤ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី សុច្ឆន្ទៈ មនសិការជាតិដល់មន្ត្រីរាជការ នគរបាល កងយោធពលខេមរភូមិន្ទ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត កវីនិពន្ធ អ្នកនិពន្ធ និងប្រជាពលរដ្ឋទូទៅ ឱ្យកាន់តែគាំទ្រនិងចូលរួមពង្រឹងការអាន ការតែងនិពន្ធ ការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ការអប់រំ ការលើក កម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។ ការចូលរួមឧបត្ថម្ភជាសម្ភារថវិកា ក៏ជាកាយវិការដ៏មានតម្លៃពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំផងដែរ ។

សម្ដេចនាយករដ្ឋមន្ត្រី សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ អ្នកនិពន្ធ កវីនិពន្ធ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការអភិរក្សនិង អភិវឌ្ឍន៍អក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ដែលជាកេរដំណែលវប្បធម៌ដ៏ពិសិដ្ឋរបស់ជាតិ ៕

អត្ថបទ ៖ វណ្ណលុក

រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner