ឯកឧត្តម សរ សិទ្ធិ កោតសរសើរ ចំពោះ «គ្រូបង្វឹក កីឡាករ កីឡាការិនី» ដែលបានខិតខំ ចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយជាច្រើនជូនជាតិមាតុភូមិ

(ស្វាយរៀង)៖ ក្រុមកីឡាប្រណាំងទូក ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ ដែលខិតខំប្រឹងប្រែងដណ្ដើមបាន មេដាយពីការប្រកួតថ្នាក់អន្ដរជាតិក្នុងឆ្នាំ២០២៤ ត្រូវបានឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ផ្ដល់រង្វាន់លើកទឹកចិត្តជូន នាព្រឹកថ្ងៃទី០៦ ខែធ្នូ នៅសាលាខេត្តស្វាយរៀង តាមរយៈ ឯកឧត្តម សរ សិទ្ធធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ។

បើតាម លោក គង់សុភាព អគ្គលេខាធិការង សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ សហព័ន្ធ បានបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ចំនួន០៥លើក ក្នុងនោះ ក្រុមកីឡាទូកកម្ពុជា ដណ្តើមបានមេដាយសរុប ចំនួន ០៦គ្រឿង រួមមាន ៖ មេដាយមាស ០១គ្រឿង និងសំរឹទ្ធ ចំនួន ៥គ្រឿង។ ចំពោះជ័យលាភីក្នុងព្រឹត្តិការណ៍នោះ សម្រាប់មេដាយមាសទទួលបានថវិកា ១លានរៀល និងមេដាយសំរឹតទទួលបាន ៦០ម៉ឺនរៀល។

ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម សរ សិទ្ធិ កោតសរសើរ ចំពោះ «គ្រូបង្វឹក កីឡាករ កីឡាការិនី» ដែលបានខិតខំ ចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយជាច្រើនជូនជាតិមាតុភូមិ ។ឯកឧត្តមបន្ដថា កីឡាករ-កីឡាការិនីយើង ធ្វើបានល្អក្នុងការបញ្ចេញ ទេពកោសល្យ វាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែល ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំគួបផ្សំការតស៊ូព្យាយាម គោរពវិន័យប្រកបដោយ ក្រមសីលធម៌ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ក្នុងការប្រកួត។ ពិសេសការយក ចិត្តទុកដាក់ ដឹកនាំ ចង្អុលបង្ហាញ និងផ្ដល់នូវការគាំទ្រ ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ធ្វើឱ្យកីឡាករកីឡាការិនីយើង មានកម្លាំងចិត្ត ខិតខំបំពេញភារកិច្ចបានកាន់តែប្រសើរ។

ឯកឧត្តម សរ សិទ្ធិ បានលើកឡើង ថា បច្ចុប្បន្ននេះប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង នៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងការគាំទ្រជា បណ្តើរៗ ពីមហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ហើយ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ។ ជាមួយនេះដើម្បីជំរុញឱ្យប្រភេទកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ”កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និង គុណភាពបច្ចេកទេសខ្ពស់អាចចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (world Games) ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ឯកឧត្តម ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវពង្រឹងវិន័យ និង បង្វឹក បច្ចេកទេសថ្មីៗ បន្ថែមទៀត ។ ចំពោះកីឡាករកីាការិនីត្រូវ គោរពវិន័យ និងមានក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួន ។ ត្រូវខិតខំព្យាយាមហ្វឹកហាត់បន្ថែមទៀត និង ត្រូវអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ តាមកម្មវិធីហ្វឹកហាត់ដែលគ្រូបង្វឹកបានដាក់ឱ្យ ។

នៅពេល ទៅចូលរួមប្រកួត ត្រូវ ឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស នៃការប្រកួត ពោលគឺ៖ កីឡាដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង បង្កើននូវគុណផលបច្ចេកទេស តាមទិសស្លោក «កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ» ដើម្បីភាពសុខដុមរមនា នៅក្នុងសង្គមជាតិ ។

សូមជម្រាបជូនថា បន្ទាប់ពីផ្ដល់ប្រាក់រង្វាន់ដល់ក្រុមជ័យលាភីរួច ឯកឧត្តម ស សិទ្ធធិរួមជាមួយថ្នាក់ដឹកនាំសហព័ន្ធ១ចំនួនទៀត បានអញ្ជើញទៅពិនិត្យមើល ទីតាំងដាក់ទូករបស់សហព័ន្ធ នៅជិតទន្លេវ៉ៃគោ ដែលពុំទាន់មានរោងទុកដាក់សមរម្យនៅឡើយ ។ ក្នុងស្ថានភាពបែបនេះ ឯកឧត្តម អនុប្រធានសហព័ន្ធ បានណែនាំ ដល់មន្ដ្រីដែលទទួលខុសត្រូវលើ ការងារ នេះ ត្រូវរៀបចំសាងសង់រោងជាបន្ទាន់ ដើម្បីរៀបចំទុកដាក់រក្សាទូកឲ្យបានល្អ សម្រាប់ការប្រកួត និង ប្រើប្រាស់បានយូរ ៕

រូបភាព ៖ មងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner