លោកបណ្ឌិត ឈត ប៊ុនថង៖ ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ
ភ្នំពេញ៖ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ព្រោះទស្សនវិជ្ជាគឺជាមគ្គុទេ្ទសន៍ ជាប្រទីប និងជាការតម្រង់ទិសឱ្យមនុស្សម្នាក់ៗ អាចកំណត់ចក្ខុវិស័យ ទស្សនវិស័យ ក្ដីសុបិនក៏ដូចជាកំណត់វិធីនៃការធ្វើសកម្មភាពនានារបស់ពួកគេ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
ការលើកឡើងនេះ ស្របពេលដែលអ្នកជំនាញទស្សនវិជ្ជាឆ្នើមរូបនេះ បានបញ្ចេញវណ្ណកម្មសៀវភៅទស្សនវិជ្ជាលើកដំបូងរបស់ខ្លួន មានចំណងជើងថា «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»។
ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅមគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត នៅរសៀលថ្ងៃទី៦ ខែធ្នូលោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា សៀវភៅមួយក្បាលនេះ អាចលេចចេញជារូបរាងឡើង គឺដោយសារតែលោកបានអានសៀវភៅជាច្រើនក្បាល, ឆ្លងកាត់ការបង្រៀនជាច្រើនឆ្នាំ និងឆ្លងកាត់បទពិសោធន៍ជីវិតច្រើនទិដ្ឋភាព។ ម្យ៉ាងទៀត ខ្លឹមសារមួយចំនួននៅក្នុងសៀវភៅនេះ ក៏បានកើតចេញឡើងតាមរយៈការសង្កេតនូវតថភាពសង្គមជាក់ស្ដែង ផងដែរ។
មូលហេតុអ្នកជំនាញទស្សនវិជ្ជា ដែលតែងតែបញ្ចេញទស្សនៈ គំនិត និងយោបល់ល្អៗ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្ដាញសង្គមនានាសរសេរសៀវភៅនេះឡើង ក៏ព្រោះតែចង់ចែករំលែកនូវចំណេះដឹងទស្សនវិជ្ជា។ លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងបែបនេះថា «គោលបំណងសំខាន់ ទី១. គឺចង់ចែករំលែកនូវចំណេះដឹងទស្សនវិជ្ជា បង្កើនការផ្សព្វផ្សាយ ក៏ដូចជាការអនុវត្តទស្សនវិជ្ជាដែរ ហេតុអ្វីយើងចង់បង្កើនអាហ្នឹង ?មិញនេះវាគ្មិនទាំង ៣ បានបញ្ជាក់ហើយថា វាមានសារៈសំខាន់»។
ចំណែកលោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ដ និងវិទ្យាសាស្រ្ដសង្គម បានលើកឡើងដែរថា មនុស្សម្នាក់ៗ តែងតែមានទស្សនវិជ្ជា និងតែងតែប្រើនូវទស្សនវិជ្ជារៀងៗខ្លួន។ ប៉ុន្តែមានបុគ្គលខ្លះ មិនបានដឹងថា ខ្លួនកំពុងប្រតិបត្តិ ឬក៏ធ្វើតាមគន្លងនៃទស្សនវិជ្ជានោះទេ។
លោកបណ្ឌិត ផុន កសិកា បានបន្ថែមថា «ទស្សនវិជ្ជាដើរតួនាទីសំខាន់ ទាំងទ្រឹស្ដី ទាំងការអនុវត្តនៅក្នុងសង្គម ក្នុងជីវិតរស់នៅរបស់បុគ្គលម្នាក់ៗ បុគ្គលតែងមានចំណេះដឹងទស្សនវិជ្ជា សម្រាប់រស់នៅក្នុងសង្គម និងជីវិតផ្ទាល់ខ្លួន ក្នុងន័យនេះនៅក្នុងសង្គមនីមួយៗ សុទ្ធសឹងតែមានទស្សនវិជ្ជារបស់ពួកគេ ដូចជា ទស្សនវិជ្ជាខ្មែរ, ទស្សនវិជ្ជាក្រិក ទស្សនវិជ្ជាចិន ជាដើម»។
យោងតាមសៀវភៅមគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត បានឱ្យនិយមន័យទស្សនវិជ្ជាជារួមថា គឺជាការសិក្សាអំពីបញ្ហាសំខាន់ៗ ដូចជា៖ អត្ថិភាព, ភាវៈ, ពុទ្ធិ, សច្ចភាព, សោភណភាព, យុត្តិធម៌, សុពលភាព, ចិត្ត និងភាសា ជាដើម។ ក្រៅពីនេះ ទស្សនវិជ្ជា គឺជាការសិក្សាយ៉ាងហ្មត់ចត់ និងជាប្រព័ន្ធអំពីបញ្ហាសំខាន់ៗ ទាំងនៅក្នុងជីវិតប្រចាំថ្ងៃ ទាំងការប្រតិបត្តិនូវជំនាញដទៃទៀត។
គួរឱ្យដឹងថា លោកបណ្ឌិត ឈត ប៊ុនថង ដែលជាអ្នកនិពន្ធសៀវភៅ «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» គឺជាអតីតនិស្សិតផ្នែកទស្សនវិជ្ជា ទាំងថ្នាក់បរិញ្ញាបត្រ, អនុបណ្ឌិត និងបណ្ឌិត។ បច្ចុប្បន្នលោកបណ្ឌិត បាននិងកំពុងបង្រៀនមុខវិជ្ជាទស្សនវិជ្ជា នៅរាជបណ្ឌិត្យសភាកម្ពុជា៕
អត្ថបទនិងរូបភាព៖ ឃួន សុភ័ក្រ