ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ នឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២៤

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពាន រង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៨ នឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅ ឃុំជ្រៃលាស់, ស្រុកពញាឮ, ខេត្តកណ្តាល ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃ បុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី៖ ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។ ហើយក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់ បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។ និងជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជន កម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅ កម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។ ទន្ទឹមជាមួយគ្នានេះ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ សម្តេច តេជោ ហ៊ុន សែន លើកទី៨នេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុសលើកកម្ពស់បំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជាឱកាន់តែរីកចំរើនផងដែរ។

ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលនេះ នឹងធ្វើការប្រកួតរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ថ្ងៃទី២៧ គឺជាការប្រកួតឯកក្តជនសម្រាប់កីឡាករ កីឡាការិនីមិនមែនអាជីព។ កីឡាករដែលជាប់ចំណាត់ពីលេខ១ដល់លេខ៨ នៅក្នុងថ្ងៃទី២៧ នឹងបានទៅប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃការប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញបើកការប្រកួត និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ សម្តេច តេជោ ហ៊ុន សែន លើកទី៨នេះ ដឹកនាំរៀបចំដោយ ឯកឧត្តម សន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មការដឹកនាំ សហការដោយ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner