ប្រជាកសិករ ចិញ្ចឹមសត្វទាយកពង នៅស្រុកស្វាយជ្រំ រីករាយ ដោយសារពងទាមានទីផ្សារបានតម្លៃសមរម្យ មានអ្នកប្រមូលទិញដល់ទ្រុងចិញ្ចឹម
(ខេត្តស្វាយរៀង)៖ កសិករចិញ្ចឹមទា រស់នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានឲ្យដឹងថា គាត់ចិញ្ចឹមសត្វទាយកពងចំនួន ១,៤០០ក្បាល ដោយចិញ្ចឹមបន្លាស់ទី រយៈពេល ៩ខែមកហើយ គឺនៅពេលណាមានគេ ច្រូតស្រូវ ត្រូវដឹកទាតាមរថយន្ត យកទៅឲ្យទា រើសគួស្រូវជាចំណីស៊ី និងត្រូវរកស្រែដែលមានទឹក ឲ្យទារកចំណីដូចជាត្រីក្តាមឬខ្យងខ្ចៅ ជាចំណី ហើយនៅពេលល្ងាចក៏មានបន្ថែមចំណីគ្រាប់ផងដែរ។
កសិករដដែលបានបន្តថា ក្នុងទា ១,៤០០ក្បាលនេះ គឺបានចាប់ផ្តើមពង ពីអំឡុងអាយុ ៦ខែ ទៅ៩ខែ ពងជាមធ្យមបាន ៦០០ទៅ ៩០០ពង ក្នុង ១យប់ ហើយ ១០គ្រាប់បានតម្លៃ ៣៥០០រៀល ដូច្នេះអាចរកចំណូលបានល្អប្រសើរ បើសត្វទា មិនមានជម្ងឺ ។
ការចិញ្ចឹមទា បានជោគជ័យ គឺត្រូវចិញ្ចឹមប្រដេញគ្នា ជាពិសេសពេលសត្វទា ពេញវ័យពងចំពេលខែច្រូតស្រូវរដូវវស្សា សត្វទាសំបូរចំណី យើងគៀងឲ្យទាចុះរកស៊ីចំណីធម្មជាតិ សត្វទាពងច្រើន មិនប្រើចំណីទិញគេច្រើនគ្រាន់តែឲ្យចំណីស្រូវ កន្ទក់ឬចំណីគ្រាប់បន្តិចបន្តួច ប្រើប្រាស់ថវិកាតិចតួច បើរដូវប្រាំង មានការពិបាករកចំណីបន្តិច គឺត្រូវដឹកទាតាមរថយន្តដើររក ស្រែប្រាំងគេទើបតែច្រូតនិងរកស្រែដែលមានទឹក និងប្រឡាយទឹកសម្រាប់ទារកចំណីនិងទឹកហែលលេងផង ទើបសុខភាពទាល្អនិងពង បាន៧០% ទៅ៨០% បើឲ្យចំណីមិនដិតដល់បង្កឲ្យមានជម្ងឺងាប់ គឺពិតជាខាតចុងខាតដើមជាក់ជាមិនខានឡើយ។ បច្ចុប្បន្នបើមានពងទាប៉ុន្មានក៏លក់អស់ដែរ ដោយពងទាមានទីផ្សារ តម្រូវការខ្ពស់ ទោះបី មួយព្រឹកមានពង១ម៉ឺនគ្រាប់ក៏មានម៉ូយប្រមូលទិញអស់ដែរ ។
កសិករ ដដែលបន្ថែមថា បច្ចុប្បន្ន ពងទាក្នុងស្រុកផ្គត់ផ្គង់ទីផ្សារមិនគ្រប់ទេ គឺ ឈ្មួញកណ្តាល បានទៅប្រមូលទិញពងទាពីប្រទេសជិតខាង បន្ថែមទៀត ទើបផ្គត់ផ្គង់ទីផ្សារគ្រប់ ដោយកសិករខ្មែរយើងចិញ្ចឹមជាលក្ខណៈគ្រួសារ តិចតួច ហើយអ្នកចិញ្ចឹម ដល់ ១ពាន់ ទៅ ១៥០០ក្បាល នៅខេត្តស្វាយរៀង មានចិញ្ចឹម ២ទៅ៣គ្រួសារតែប៉ុណ្ណោះ ៕
ដោយ ៖ នុត នាង