សត្វទន្សោង ត្រូវបានប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត»
(ភ្នំពេញ)៖ សត្វទន្សោង ត្រូវបានប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម IUCN នៅក្នុងឆ្នាំនេះ ជាចំណាត់ថ្នាក់ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលងាយនឹងឈានដល់ការផុតពូជលើពិភពលោក ។
ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៤នេះថាទន្សោង គឺជាប្រភេទសត្វគោព្រៃមួយ ក្នុងចំណោមប្រភេទសត្វគោព្រៃធំៗរបស់កម្ពុជា ដែលថ្មីៗនេះ ត្រូវបានអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ»ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម IUCN ។
ការផ្លាស់ប្តូរចំណាត់ថ្នាក់ដ៏គួរឱ្យព្រួយបារម្ភចំពោះស្ថានភាពរបស់សត្វទន្សោងជាសកលនេះ ត្រូវបានធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤ នេះ ដោយសារទន្សោងបានប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ ដូចជាការបរបាញ់ជាបន្តបន្ទាប់ រួមជាមួយនឹងការបាត់បង់ទីជម្រក និងការរិចរិលនៃព្រៃឈើជាដើម។ ការប្តូរចំណាត់ថ្នាក់ថ្មីនេះ គូសបញ្ជាក់អំពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារប្រភេទសត្វដ៏អស្ចារ្យនេះ ព្រោះឥឡូវនេះនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការផុតពូជ។
ត្រូវបានគេស្គាល់ថា ជាសត្វដែលមានមាឌធំ និងមានសារៈសំខាន់សម្រាប់វប្បធម៌ ទន្សោងបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជាប្រភេទសត្វនិមិត្តរូបក្នុងតំបន់ផងដែរ។ ទន្សោងឈ្មោលអាចមានទម្ងន់រហូតដល់ទៅ ៨០០ គីឡូក្រាម និងមានកម្ពស់រហូតដល់ប្រហែល ១,៧ ម៉ែត្រទៀតផង។
ប្រទេសកម្ពុជា គឺជាជម្រករបស់សត្វប្រភេទនេះច្រើនជាងគេលើពិភពលោក ហើយនឹងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែលតិចជាង ១.០០០ក្បាលតែប៉ុណ្ណោះ។ តាមការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤០ បានរថតបានវត្តមានរបស់សត្វទន្សោងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅឡើយ ។ កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងតាមដានត្រួតពិនិត្យ ក្រោមគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង គឺមានគោលបំណងការពារ និងជំរុញឲ្យមានការកើនឡើងនូវចំនួនសត្វប្រភេទនេះនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។
ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា ៖”ចូលរួមការពារសត្វទន្សោងរបស់យើងទាំងអស់គ្នា! ជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីប្រភេទសត្វជិតផុតពូជដ៏មានតម្លៃនេះ”៕
ដោយ ៖ ម៉ាដេប៉ូ