អ្នកជំនាញប្រវត្តិសាស្រ្ត ៖ ក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជា

(ភ្នំពេញ)៖ អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ និងអាស៊ីអាគ្នេយ៍ បានអបអរសាទរចំពោះក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សាការពារ និងមរតកវប្បធម៌ជាតិ។

ក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទី៧របស់កម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងសម័យប្រជុំលើកទី១៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូស្តីពី«ការការពារបេតិកភណ្ឌវប្បធម៌អរូបី»នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖«ខ្ញុំសប្បាយរីករាយ ហើយអបអរសាទរកាលចំពោះក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខ្នាស់ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយសារក្រមាជាសម្ភារៈប្រពៃណីដែលពលរដ្ឋខ្មែរគ្រប់ស្រទប់វណ្ណៈនិយមប្រើប្រាស់ស្ទើរតែគ្រប់កាលៈទេសៈ»។

លោកបណ្ឌិតបន្តថា ក្រមាជាអត្តសញ្ញាណជាតិរបស់ខ្មែរតាមរយៈការនិយមប្រើប្រាស់ដាក់ជាប់ខ្លួនដែលពលរដ្ឋខ្មែរ យកវាទៅទទូរនៅពេលដើរហាលថ្ងៃ ជូតក្បាល ចោមពុងពេលងូតទឹក(សម្រាប់ស្រ្ដី) សម្រាប់ពានាពេលយាយៗទៅវត្ត ក្រវ៉ាត់ចង្កេះ ជូតខ្លួន សម្រាប់បក់មួស រុយ និងធ្វើជាចំណងចងអុស ស្មៅ កណ្ដាប់ ថ្នក់ដាក់(ដាក់ស្លឹកអំពិល ផ្លែឈើ) និងការប្រើប្រាស់ជាច្រើនយ៉ាងទៀតទៅតាមតម្រូវការចាំបាច់របស់ពួកគាត់។

ការចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ ត្រូវបានលោកបណ្ឌិតសង្កត់ធ្ងន់ថា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅភ្ញៀវជាតិ និងអន្តរជាតិបន្ថែមទៀត ដោយសារភ្ញៀវអន្តរជាតិភាគច្រើនដែលមកលេងកម្សាន្តនៅកម្ពុជា តែងតែស្វែងយល់ពីអ្វីដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយពួកគាត់ទិញសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍នៅពេលពួកគាត់ត្រឡប់ទៅប្រទេសខ្លួនវិញ។

លោកបណ្ឌិតបន្ថែមថា ក្រមាខ្មែរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ក៏រួមចំណែកក្នុងស្មារតីជាតិនិយម មោទនភាព និងជាចំណែកដួងព្រលឹងនៃការបង្រួបបង្រួមជាតិ សាមគ្គីភាពជាតិដែលជាស្នាដៃរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយ។
ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិនូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

គួររំឭកថា មរតកអរូបីចំនួន ៦ផ្សេងទៀតដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ។
ដោយឡែក ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបីសរុបចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner