NASA ពន្យារពេលបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទលើកដំបូងក្នុងពេល ៥០ឆ្នាំ

វ៉ាស៊ីនតោន ៖ កម្មវិធី Artemis របស់អង្គការ NASA ដែលមានបំណងបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទក្នុងទសវត្សរ៍នេះ ចំពេលមានការជំរុញជាអន្តរជាតិសារជាថ្មី សម្រាប់ការរុករកនៅឋានព្រះចន្ទ។

ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បេសកកម្មដែលបានគ្រោងទុក ដើម្បីបញ្ជូនអវកាសយានិកទៅចុះចតឋានព្រះចន្ទនៅឆ្នាំ២០២៦ ត្រូវបានពន្យារពេល ហើយឥឡូវផែនការនេះ ទំនងជាលើកទៅពាក់កណ្តាលឆ្នាំ២០២៧។

ជាមួយគ្នានេះ បេសកកម្មស្វែងរកផ្លូវ ដែលគ្រោងនឹងបញ្ជូនអវកាសយានិកហោះជុំវិញឋានព្រះចន្ទនៅខែកញ្ញា ឆ្នាំ២០២៥នោះ ឥឡូវនេះក៏នឹងត្រូវលើកទៅខែមេសា ឆ្នាំ២០២៦ផងដែរ។

ការពន្យារពេលនេះ គឺមានជាប់ពាក់ព័ន្ធនឹងបញ្ហាជាមួយយានអវកាស Orion ដែលនឹងក្លាយជាផ្ទះសម្រាប់អវកាសយានិក ក្នុងអំឡុងពេលបំពេញបេសកកម្មនៅឋានព្រះចន្ទ។

ហើយការប្រកាសពន្យារពេលនេះដែរ កើតឡើងនៅពេលដែល NASA កំពុងឆ្ពោះទៅកាន់ដំណាក់កាលផ្លាស់ប្តូរមួយទៀត ស្ថិតក្រោមការដឹកនាំដោយរដ្ឋបាល លោក ត្រាំ។

ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ត្រាំ បានបង្ហាញពីចេតនារបស់គាត់ ក្នុងការតែងតាំងលោក Jared Isaacman ដែលជាសហគ្រិនបច្ចេកវិទ្យា និងជាមហាសេដ្ឋីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Elon Musk សម្រាប់មុខតំណែងជាអ្នកគ្រប់គ្រងអង្គការ NASA។

កន្លងមក លោក Isaacman បានសម្តែងការមិនពេញចិត្តជាសាធារណៈ ចំពោះសមាសធាតុមួយចំនួននៃកម្មវិធី Artemis បច្ចុប្បន្នរបស់ NASA រួមទាំងរបៀបដែលទីភ្នាក់ងារអវកាសនេះ បានផ្តល់កិច្ចសន្យាជាច្រើន សម្រាប់ការអភិវឌ្ឍយានទៅចុះចតឋានព្រះចន្ទ ជាពិសេសយាន Orion ដែលនឹងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះចន្ទ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner