មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ រាជរដ្ឋាភិបាល ជំរុញលើកកម្ពស់ឱ្យមានការអភិវឌ្ឍផលិតកម្មវារីវប្បកម្ម ដើម្បីចូលរួមធានាសន្តិសុខស្បៀង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ជាមួយគ្នានេះការអភិវឌ្ឍផលិតកម្មវារីវប្បកម្ម ក៏ដើម្បីចូលរួមធានាសន្តិសុខស្បៀង ប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងក្នុងពិធីបើកពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ឆ្នាំ២០២៤នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បរិវេណបឹងកក់ រាជធានីភ្នំពេញថាតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោល នយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន,ការដាក់ពង្រាយមន្ត្រីឃុំ សង្កាត់,ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យ កសិកម្មគឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តរភាព ហើយវិស័យកសិកម្មនៅតែ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះគោលនយោបាយកសិកម្មគឺ៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មានបាន និងទី៤.មានរហូត។ មានហូបគឺសំដៅទៅលើសន្តិសុខស្បៀង មានប្រើ សំដៅ ដល់ការកាត់បន្ថយការនាំចូលព្រោះក្នុងស្រុកមានវត្ថុធាតុដើមជាច្រើនដែលអាចយកមកផលិតបានដោយពុំបាច់ នាំចូលដូចជា ការផលិតជីសរីរាង្គ និងការផលិតសំបករថយន្តពីជ័រកៅស៊ូ-ល- និយាយជារួម និយាយដោយឡែក ត្រីដែលយើងបានចិញ្ចឹម អាចកែច្នៃទៅជាត្រីងៀត ត្រីផ្អក ត្រីប្រាហើម ត្រីហ្វេឡេ-ល- មានបាន ជាគោល នយោបាយសំខាន់ថ្មីមួយ គឺសហគមន៍កសិកម្មទំនើប មានមហិច្ឆតាធ្វើឲ្យកសិករកម្ពុជាមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាកសិករមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងមានរហូត គឺផ្តោតទៅលើការងារ អភិរក្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បានការអភិវឌ្ឍដែលមាននិរន្តរភាព។

គួរបញ្ជាក់ថា «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» មានគោលបំណងដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍវារីវារីវប្បកម្មមានរួមមាន៖បង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា,ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិការបង្ហាញអំពីការដាក់តាំងបង្ហាញនិងលក់ផលិតផលស្រស់ៗ និង កែច្នៃដែលបានមកពីអនុវិស័យវារីវប្បកម្មជូនសាធារណៈជនបានឃើញ និងជាវ, បង្កើតឱកាសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់ ឬរៀនសូត្រអំពីការចិញ្ចឹមវារីសត្វ ឬវារីរុក្ខជាតិនិងការកែច្នៃ, បង្កើនទីផ្សារលក់ផលិតផលបានមកពីវារីវប្បកម្មកម្ពុជា, បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្មលើអនុវិស័យវារីវប្បកម្ម, កែប្រែទស្សនៈអ្នកបរិភោគផលិតផលមកពីវារីវប្បកម្ម ដែលតែងគិតថាមិនមានសុវត្ថិភាព និងគ្មាន អនាម័យ និងបំផុសចលនាសាធារណៈជនឱ្យចូលរួមផុសផុលក្នុងការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុកជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner