កម្ពុជា-ចិន រួមគ្នា បើកពិព័រណ៍ទេសចរណ៍នៅខេត្តសៀមរាប
សៀមរាប៖សំឡេងទះដៃអបអរសាទរបានលាន់រំពងឡើងនាសាលធំនៃសណ្ឋាគារ អង្គរអឺរ៉ា ខេត្តសៀមរាប នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈគណៈអធិបតីប្រកាសបើកជាផ្លូវការ“ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” ឆ្នាំ២០២៤។ ពិព័រណ៍ដ៏លេច ធ្លោនេះ កើតឡើងពីកិច្ចសហការរវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាជាមួយស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។
“ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន”នៅខេត្តសៀមរាប បានប្រារព្ធបើកក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។វត្តមានចូលរួមមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រតិភូអ្នកទិញ-អ្នកលក់មកពីប្រទេសចិន ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន ភសិស្ស-និស្សិតយ៉ាងច្រើនកុះករ។
លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាមានសន្តិភាព សុវត្ថិភាព និងស្ថិរភាព នយោបាយពេញលេញ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានធ្វើឱ្យខេត្តសៀមរាបមានលទ្ធភាពបង្កើតចំណងមេត្រីភាពជាមួយខេត្តក្រុងនៅប្រទេសចិនបានចំនួន ៣០។ចំណងមេត្រីភាពនេះរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍខេត្តសៀមរាប។ តាមរយៈសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងវិនិយោគ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដ៏មានសក្តានុពល និងជាខឿនសេដ្ឋកិច្ចដ៏សំខាន់ ។
លោកបានបង្ហាញតួលេខថា រយៈពេល១១ខែ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានទេសចរប្រមាណ ២,៩លាននាក់ ក្នុងនោះមានជនជាតិចិន ៧១,២ម៉ឺននាក់។លោកបន្តថា ពិព័រណ៍ទេសចរណ៍កម្ពុជា- ចិន នាពេលនេះពិតជាមានសារៈសំខាន់ក្នុងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន ក្លាយជាយន្តការ និងសក្ខីភាពសម្រាប់ប្រតិភូមកពីខេត្តក្រុងសម្ព័ន្ធមេត្រីទាំងអស់ ឆ្លុះបញ្ចាំងពីសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ទើបខេត្តសៀមរាបទទួលបានទេសចរយ៉ាងច្រើន ជាពិសេសជនជាតិចិន។
ក្នុងព្រឹត្តិការណ៍នេះដែរ ឯកឧត្តម វ៉ាង វីនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ចិន និងកម្ពុជាជាប្រទេសជិតខាង និងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ត្រូវបានពង្រីក និងពង្រឹងរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានកោតសរសើរ និងអរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០២ ក្នុងអំឡុងកូវីដ១៩ កំពុងផ្ទុះឡើង ដែលគ្មានប្រទេសណាទាំងអស់បានទៅទីនោះ។ការនេះពិតជាសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីទឹកចិត្តជាមិត្តដ៏ពិតប្រាកដគ្រប់កាលៈទេសៈ និងឥតងារករេ។ ក្នុងខែធ្នូនេះ សម្តេចតេជោក៏បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រុងជ្រោយ ជាពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលមានកំណើតតាំងពីឆ្នាំ២០២៣មក។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ បានថ្លែងថា «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហការកម្ពុជា-ចិន ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ។គិតមកដល់ដើមខែធ្នូនេះ ក្រសួងទេសចរណ៍ក្នុងនាមជាស្ថាប័នដឹកនាំអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងបណ្តារដ្ឋបាល ប្រជាជននៃខេត្ត និងក្រុងនានានៃប្រទេសចិន រួមជាមួយដៃគូពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន ការសម្តែងក្បាច់គុនសៅលីញ និងល្បុក្កតោរួមគ្នា និងពិព័រណ៍វប្បធម៌ទេសចរណ៍កម្ពុជា-ចិន នៅមុខប្រសាទបាយ័ន “When Shaolin Meets Bokator at Angkor”, “វេទិកាទេសចរណ៍ កម្ពុជា-ចិន”, “មហោស្រពម្ហូបអាហារ កម្ពុជា-ចិន” រួមជាមួយការទទួលដំណើរទស្សនកិច្ចសិក្សាគោលដៅទេសចរណ៍ (FAM Trip) និងកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍ (China Tourism Roadshow to Siem Reap) សម្រាប់បណ្តាញសារព័ត៌មានចិន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមចិន (Social Influencers) និងព្រឹត្តការណ៍ជាមួយចំនួនទៀត។
ឯកឧត្តម ហួត ហាក់ បន្តថាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ រៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នាដើមឆ្នាំ២០២៥ នៅខេត្តហឺណាន ប្រទេសចិន ។ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់គោលការណ៍ឯកភាពបឋម ក្នុងការកំណត់យកឆ្នាំ “២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន” ដើម្បីបន្តជំរុញកិច្ចិសហប្រតិបត្តិការ និងលំហូរទេសចរណ៍ប្រទេសទាំងពីរ ។ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន បានលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អរិយធម៌ និងប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសការបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់ប្រតិបត្តិករទេសចរណ៍កម្ពុជា និងចិន ឱ្យកាន់តែទូលំទូលាយ ពិសេសការភ្ជាប់ទំនាក់ទំនង (Business Networking) រវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China Tourism Group Corporation Limited (CTG) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សន កិច្ច ទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ដែលនឹងរួមចំណែកជំរុញលំហូរភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែម ទៀតរវាង កម្ពុជា-ចិន ។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ាង វិនពីន ដែលបានផ្តួចផ្តើមឱ្យមានយន្តការត្រីភាគីរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន CTG នាពេលនេះ។ ទៅថ្ងៃអនាគតយន្តការនេះ អាចនឹងមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដែលមានសក្តានុពលផ្សេងទៀត។
ឯកឧត្តមបញ្ជាក់នូវសារថា ” ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ចិន ម្នាក់! ,ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! “៕
ដោយ៖ ប៊ុន រដ្ឋា