ប្រមូលផលស្រូវបែបបុរាណក្នុងកម្មវិធី”ស្នាមញញឹមភូមិខ្ញុំ” ស្រុកប្រាសាទបាគងទាក់ទាញជនបរទេសរាប់រយនាក់
សៀមរាប៖ របៀបប្រមូលផលស្រូវបែបប្រពៃណីឬបែបបុរាណត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធី”ស្នាមញញឹមភូមិខ្ញុំ” ដើម្បីរំលឹកនូវការចងចាំតាមបែបបុរាណ តាមរយៈការចុះអនុវត្តផ្ទាល់ដូចជា ការច្រូតកាត់ ចងកណ្តាប់ ប្រមូលកណ្តាប់ ដឹកជញ្ជូន ទៅទីលានបញ្ជាន់បោកបែនស្រូវ។សកម្មភាពបែបទេសចរដែលររៀបចំឡើងនៅភូមិថ្នល់ត្រង់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកចូលរួមពិសេសភ្ញៀវជាទេសចរបរទេស។

កម្មវិធី”ស្នាមញញឹមភូមិខ្ញុំ” បានរៀបចំនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៤ ដោយមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចូលរួមជាង៤០០នាក់ក្នុងនេះភ្ញៀវបរទេស១៣០នាក់។ភាពទាក់ទាញខ្លាំងនៃកម្មវិធីនេះ គឺការប្រមូលផលស្រូវបែបប្រពៃណីឬ បែបបុរាណ ។ភាពទាក់ទាញខ្លាំងទៅលើភ្ញៀវជាជនបរទេស ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានដឹកនាំកម្មវិធីស្នាមញញឹមភូមិខ្ញុំ ដោយផ្ទាល់។គេក៏បានឃើញវត្តមានតារាកំប្លែងនាយ ពាក់ មី និងប្រធានសហគមន៍បាគងភូមិខ្ញុំចូលរួមដែរ។ ពេញមួយព្រឹកសកម្មភាពច្រូតកាត់ និងប្រមូលផលស្រូវតាមបែបបុរាណបានផ្តល់ឱកាសឱ្យភ្ញៀវដែលចូលរួម បានទស្សនា និងសាកល្បងធ្វើជាក់ស្តែងដូចជា ការច្រូតដោយដៃ ការចងកណ្តាប់ស្រូវ ការដឹកជញ្ជូនស្រូវទៅទីលានបញ្ជាន់ ការបោកបែនដោយដៃ បន្ទាប់ពីប្រមូលផលស្រូវ។ កសិករសម័យបុរាណតែងតែយកស្រូវដែលច្រូតកាត់ថ្មីៗមកដាល់អំបុក ឬបុកអំបុក ,លេងរាំវង់ក្នុងពេលរាត្រី ។កម្មវិធី ស្នាមញញឹមភូមិខ្ញុំ មិនត្រឹមតែបង្ហាញពីបច្ចេកទេសកសិកម្មសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ភ្ញៀវក្នុងការចងចាំ និងឆ្លុះបញ្ចាំងពីអរិយធម៌កសិកម្មបុរាណដែលមានតាំងពីយូរយារមកហើយដែរ។

ចំណែកអ្នកស្រី អាណា ម៉ារីយ៉ា មកពីទីក្រុងប៉ារីស ប្រទេសបារាំង និងបានមកបំពេញការងារជាអ្នកស្ម័គ្រចិត្ត នៅអង្គការក្តី សង្ឃឹមថ្មីក្នុងកម្មវិធីបង្រៀនសមាធិយោគៈ និងភាសាបរទេសជាច្រើនឆ្នាំនៅកម្ពុជាក៏បានបង្ហាញរំភើបចំពោះរបៀបប្រមូលផលស្រូវបែបប្រពៃណរបស់ខ្មែរជាខ្លាំង។

កម្មវិធី”ស្នាមញញឹមភូមិខ្ញុំ”បង្កើតឡើងបង្ហាញនូវទំនៀមទម្លាប់របស់ខ្មែរបុរាណនិងជាការបង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ អំពីវប្បធម៌នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយក៏ដើម្បីទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយផងដែរ៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា






