រយៈពេលបីឆ្នាំចុងក្រោយ បណ្ណកម្មសិទ្ធិជាង១១ម៉ឺនបណ្ណ ត្រូវបានប្រគល់ជូនដល់ដៃពលរដ្ឋក្នុងខេត្តកំពត
កំពត៖អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨ ២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០ ៦១១បណ្ណក្នុងរយៈពេលបីឆ្នាំចុងក្រោយ។នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងពិធីចែកបណ្ណកម្មសិទ្ធកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបរិវេណវត្តសិរីជ័យមានលក្ខណ៍ ។

ក្នុងពិធីចែកបណ្ណកម្មសិទ្ធចំនួន ៣ ៦១៨បណ្ណជូនប្រជាពលរដ្ឋភូមិអន្ទងបែក ភូមិបរ ក្នុងឃុំអង្គរមាស ស្រុកដងទង់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបទបញ្ជាក៏ដូចជាកិច្ចចង្អុលការផ្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងដីរដ្ឋ គណៈកម្មការសុរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿនបំផុត។

ឯកឧត្តមបន្តថា ជាក់ស្តែងថ្ងៃចែកបណ្ណកម្មសិទ្ធចំនួន ៣ ៦១៨បណ្ណដល់ប្រជាពលរដ្ឋនៅភូមិអន្ទងបែក ភូមិបរក្នុង នៃឃុំអង្គរមាស ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួនបីភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ នៃក្នុងឃុំអង្គ.រមាស ស្រុកដងទង់ ដែលមានក្បាលដីសរុបចំនួន ៥ ៤៨៥ក្បាលដី។

បើតាមការបញ្ជាក់របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេលបីឆ្នាំក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន លោកបានយកចិត្តទុកដាក់ និងជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ២៦៨ ២៧២ក្បាលដី ។ក្នុងនោះឯកឧត្តមអភិបាលខេត្តបានចុះចែកបណ្ណដោយផ្ទាល់ជូនពលរដ្ឋបានចំនួន ១១០ ៦១១បណ្ណ ក្នុងនោះក៏មានបណ្ណដែលនៅសេសសល់ពីបទបញ្ជា ០១បប ចំនួន ៤២ ០២៤បណ្ណផងដែរ។
ខេត្តកំពតមាន ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ស្មើនឹង ៤៩១ភូមិ មានផ្ទែដីសរុប ៤ ៨៧៣គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨០០ ០០០ក្បាលដី។ជាលទ្ធផលគិតចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ខែវិច្ឆិកាឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណជូនពលរដ្ឋបានចំនួន ៣៧៦ភូមិ ស្មើនឹង ៥៨៨ ៧២៣បណ្ណ ស្មើនឹង ៧៣,៥៩ភាគរយ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលមន្ទីរប្រមូលទិន្នន័យរួចរាល់មានចំនួន ១៥៧ ៦៦១ក្បាលដី (ស្មើនឹង ១៩,៧១%) កំពុងសម្អាតទិន្នន័យ ដែលគ្រោងនឹងចែកបណ្ណជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ចំពោះភូមិដែលនៅសល់មិនទាន់ប្រកាសតំបន់វិនិច្ឆ័យ ហើយកំពុងធ្វើការវាស់វែងមានចំនួន ២៤ភូមិ ស្មើនឹង ៥៣ ៦០០ក្បាលដី ស្មើនឹង ៦,៧%ប៉ុណ្ណោះ ហើយផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ទាំងស្រុង ១០០ភាគរយ នៅដំណាច់ឆ្នាំ២០២៥៕
ដោយ៖ សិលា សារិន




