រដ្ឋមន្រ្តីក្រសួងការងារ៖អង្គការវិជ្ជាជីវៈចំនួន ៦ ៤៩១ ត្រូវបានចុះបញ្ជិកាសម្រាប់ការធ្វើសកម្មភាព
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្ត លើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីពនិងលិខិតបទដ្ឋានការងារអន្តរជាតិ នានា។គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០,សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧, និងសមាគមនិយោជកមានចំនួន ១២។
ឯកឧត្តមបន្តថា ដោយឡែកចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះសមាគមមានចំនួន២ ៧៦០, អង្គការក្រៅរដ្ឋាភិបាលចំនួន៣ ៥៣៦,សមាគម ជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះសម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត, សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។
ឯកឧត្តម ហេង សួរ បានគូសរំលេចថា ទាំងនេះបង្ហាញថា កម្ពុជាមានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ។ឯកឧត្តមបន្តថា រហូតមកដល់អាណត្តិទី៧នៃរាជរដ្ឋាភិបាលប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយដែលគ្របដណ្តប់ចាប់តាំងពីអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ រហូតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង។
ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមកដោយយកការ ពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា។
សូមជម្រាបថា ឯកឧត្តម ហេង សួរ បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលពី ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតជាង ២ ០០០នាក់៕
ដោយ៖ង៉ាន ទិត្យ